(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសហរដ្ឋអាមេរិក ជួយបណ្តុះបណ្តាលមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល លើការងារត្រួតពិនិត្យ និងគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងសិទ្ធភាពការងារ និងធានាការលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

សំណើរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើង នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលនឹងត្រូវបញ្ជប់បេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ប្រជុំតាព្រហ្ម នៃទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងកាតព្វកិច្ចស្នូលរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងធុរកិច្ចដោយសមធម៌។

«រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់លើការពង្រឹងសុវត្ថិភាពម្ហូបអាហារ ហើយនៅអគ្គនាយកដ្ឋានកាំកុងត្រូល យើងមានមន្ទីរពិសោធន៍ និងឧបករណ៍មួយចំនួន ប៉ុន្តែត្រូវការជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលត្រឹមត្រូវ ពីជំនាញការអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក ដែលមានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ខ្ពស់ ដើម្បីកសាងសមត្ថភាពមន្ត្រី ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ជាការឆ្លើយតប លោក William A. Heidt បានទទួលយកសំណើរបស់ លោករដ្ឋមន្ត្រី និងបានសន្យាធ្វើការបន្តជាមួយរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យ (FDA) ដែលជាទីភ្នាក់ងារសហព័ន្ធ ចំណុះឱ្យក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកគំរូឧត្តមានុវត្តន៍ (ការអនុវត្តល្អបំផុត) សម្រាប់ពង្រឹងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ដែលកន្លងមក បានផ្តល់ការគាំទ្រចំពោះវត្តមានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCham) និងកិច្ចសហការល្អជាមួយស្ថានទូត ក្នុងការរៀបចំទស្សនកិច្ចសិក្សា និងវេទិកាជំនួបធុរកិច្ចផ្សេងៗ ហើយលោក នឹងស្នើឯកអគ្គរដ្ឋទូតថ្មី អញ្ជើញវិស័យឯកជនកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម នៅក្នុងសហរដ្ឋអាមេរិក ឱ្យបានកាន់តែច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕