Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅចូលរួមកិច្ចប្រជុំសមាគម AIMF និងទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស ប្រទេសបារាំង

01-11-2018 18:28

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ក្នុងដំណើរឆ្ពោះទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសារបារាំង (AIMF) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

រាជធានីភ្នំពេញ គឺជាសមាជិករបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ហើយលោក ឃួង ស្រេង ក៏នឹងក្លាយជាសមាជិកអចិន្ត្រៃយ៍របស់សមាគម ក្នុងអាណត្តិ ជាអភិបាលរាជធានីភ្នំពេញ ដែលជាទីក្រុងតែ១គត់ នៅអាស៊ីបានក្លាយជាសមជិកអចិន្ត្រៃយ៍របស់ AIMF។ នេះជាការបញ្ជាក់របស់មន្រ្តីសាលារាជធានីភ្នំពេញ។

បើតាមមន្រ្តីសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF ប្រតិភូរាជធានីភ្នំពេញ នឹងចែករំលែកបទពិសោធន៍ នៃការការអភិវឌ្ឍន៍ទីក្រុង ជាមួយទីក្រុង២ផ្សេងទៀត គឺទីក្រុងគីហ្គាលី របស់ប្រទេសរាវ៉ាន់ដា និងទីក្រុងទុយនិស្ត របស់ប្រទេសទុយនេស៊ី ដែលទីក្រុងទាំង៣ សុទ្ធតែបានឆ្លងកាត់ និងរងនូវអំពើឃោឃៅ កាប់សម្លាប់យ៉ាងរង្គាលពីរបបនយោបាយប្រល័យពូជសាសន៍ដូចគ្នា។

ចំពោះប្រធានបទ ដែលត្រូវលើកយកមកដាក់ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF ឆ្នាំនេះ គឺកីឡា និងការអភិវឌ្ឍន៍លើដែនដី នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

ក្រៅពីចូលរួមកិច្ចប្រជុំរបស់ AIMF លោក ឃួង ស្រេង និងប្រតិភូរួមដំណើរ នឹងជួបសំណេះសំណាលជាមួយលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានAIMF។ ពិភាក្សាការងារជាមួយមន្ត្រីក្រសួងការបរទេសបារាំង រួមទាំងធ្វើទស្សនកិច្ច នៅមជ្ឍមណ្ឌលគ្រប់គ្រងប្រពន្ធ័ចរាចរទីក្រុងប៉ារីស និងទស្សនាសួនបណ្តុះកូនឈើ សំរាប់ដាំក្នុងទីក្រុងផងដែរ៕