(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះ បានអនុញ្ញាតឲ្យលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន លើវិស័យជលផល។
ជាកិច្ចស្វាគមន៍ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោករដ្ឋមន្ត្រីផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានដើរតួនាទីជាតួអង្គយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ លោករដ្ឋមន្ត្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ នឹងបន្តប្រកបដោយចីរភាព។
នាក្នុងឱកាសនេះ លោកឯកអគ្គរាជទូតសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល។ ចំពោះជំនួបនាថ្ងៃនេះ លោកឯកអគ្គរាជទូតបានជម្រាបថា គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជលផល រួមជាមួយការអញ្ជើញលោករដ្ឋមន្ត្រីទៅធ្វើទស្សនកិច្ចផ្លូវការ និងជូលរួមកិច្ចប្រជុំនៅប្រទេសជប៉ុន ក្នុងខែមេសា ឆ្នាំ២០១៩ ខាងមុខ។
លទ្ធផលដែលទទួលបានពីជំនួបនាថ្ងៃនេះ គឺភាគីទាំងពីរបានឯកភាពគ្នាលើការបន្តការងារ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជលផល ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព៕