(សិង្ហបុរី)៖ ក្រុមហ៊ុន Booking Holdings (NASDAQ: BKNG) ដែលជាក្រុមហ៊ុនឈានមុខគេ សម្រាប់ការកក់ទីកន្លែងស្នាក់ នៅតាមអនឡាញ និងពាណិជ្ជកម្ម អេឡិចត្រូនិចសម្រាប់ការធ្វើដំណើរ និងក្រុមហ៊ុន Grab Holdings Inc. (Grab) ដែលជាកម្មវិធីផ្ដល់សេវាដឹកជញ្ជូនចល័តតាមតម្រូវការឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៩ ខែតុលា២០១៨ បានចុះបានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នូវទឹកប្រាក់ចំនួន២០០លានដុល្លារ ដើម្បីពង្រឹងសេវាដឹកជញ្ជូន។

តាមរយៈភាពជាដៃគូនេះ ម៉ាកយីហោនានារបស់ Booking Holdings នឹងមានលទ្ធភាពផ្ដល់ នូវសេវាដឹកជញ្ជូនតាមតម្រូវការ ដោយប្រើកម្មវិធីរបស់ខ្លួន ដែលសម្រួលដោយកម្មវិធីរបស់ Grab ហើយ អតិថិជនរបស់ Grab ទាំងអស់នឹងអាចកក់ទីកន្លែង ស្នាក់នៅទូទាំងពិភពលោក ដែលសម្រួលដោយ booking.com និង agoda។ ក្រៅពីនេះ Booking Holdings ក៏បានវិនិយោគទឹកប្រាក់ចំនួន២០០លានដុល្លារ ទៅក្នុងក្រុមហ៊ុន Grab ដោយទទួលស្គាល់ថា Grab គឺជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធ អនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍។ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Grab បានគៀងគរហិរញ្ញប្បទានបានទុនចំនួន ២ពាន់លានដុល្លារ ហើយកំពុងឆ្ពោះទៅរកការ សម្រេចឱ្យបាននូវការគៀងគរទុនជាង ៣ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ។

កិច្ចសហប្រតិបត្តិការនេះ កម្មវិធីសម្រាប់កក់ការធ្វើដំណើរតាមអនឡាញធំជាងគេបំផុត របស់ពិភពលោក និងកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ មានបំណងពង្រីកវិសាលភាព និងបង្កើនដំណោះស្រាយក្នុងការធ្វើដំណើរ សម្រាប់អ្នកធ្វើដំណើរទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក។

លោក Todd Henrich, អនុប្រធានជាន់ខ្ពស់ និងជានាយកនផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Booking Holdings បានថ្លែងថា «Grab បានពង្រីកខ្លួនគួរឱ្យភ្ញាក់ផ្អើលក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយបានកសាងខ្លួនក្លាយជាក្រុមហ៊ុន ឈានមុខគេនៅក្នុងមជ្ឈដ្ឋាន ប្រកបដោយភាពប្រកួតប្រជែងខ្លាំង ដូច្នេះហើយយើងមានក្ដីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយនឹង Grab ដើម្បីកសាងសេវាធ្វើដំណើរកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា»។

ភាពជាដៃគូរវាង Booking Holdings និង Grab អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី Grab អាចកក់ទុកនូវសេវានានាទាក់ទងនឹងការធ្វើ ដំណើរដោយប្រើប្រាស់កម្មវិធីនេះបាន ហើយអាចទូទាត់យ៉ាងងាយស្រួលដោយប្រើគណនីឌីជីថលឈានមុខគេនៅ ក្នុងតំបន់ គឺកម្មវិធី GrabPay។ ភាពជាដៃគូនេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការក្លាយជាកំពូលកម្មវិធីប្រើប្រាស់ ក្នុងជីវិតប្រចាំថ្ងៃ ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានផ្ដល់នូវសេវាកក់ការធ្វើដំណើរតាមរយៈទូរស័ព្ទដៃ សេវាដឹកជញ្ជូនម្ហូបអាហារ ដឹកជញ្ជូនកញ្ចប់ទំនិញ និងសេវាទូទាត់ប្រាក់ឌីជីថល ដល់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់។ Grab មានវត្តមាននៅក្នុងទីក្រុងចំនួន២៣៥ ក្នុងប្រទេសចំនួន៨ហើយ កម្មវិធីរបស់ខ្លួន បានផ្ដល់លទ្ធភាពធ្វើអាជីវកម្មសម្រាប់សហគ្រិនខ្នាតតូចប្រមាណ៨លាននាក់។

ប្រធានក្រុមហ៊ុន Grab លោក Ming Maa បានថ្លែងថា៖ «យើងមានក្ដីសោមនស្សរីករាយក្នុងការ ធ្វើការជាមួយនឹង Booking Holdings ដើម្បីផ្ដល់សេវាប្រើប្រាស់ប្រចាំថ្ងៃបន្ថែមទៀតដល់អ្នកប្រើប្រាស់ កម្មវិធីរបស់យើង ដែលពួកគេអាចជ្រើសរើស បាននៅពេលបើកកម្មវិធី Grab។ ទីផ្សាររៀបចំការធ្វើដំណើរ តាមប្រព័ន្ធអនឡាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងកើនឡើងជិតបីដង នៅឆ្នាំ២០២៥ ហើយយើង បានមើលឃើញនូវការច្របាច់បញ្ចូលគ្នាច្រើនរវាងការធ្វើដំណើរ និងការដឹកជញ្ជូន ដែលនឹងអនុញ្ញាត ឱ្យយើងចាប់យកឱកាសដ៏ធំធេងមួយនេះ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកខាងសេវា ធ្វើដំណើរ ការវិនិយោគរបស់ Booking មកក្នុងក្រុមហ៊ុន Grab គឺជាផ្ដល់ទំនុកចិត្តមកលើសមត្ថភាពរបស់ យើងក្នុងការប្រតិបត្តិ និងពង្រីកទិសដៅ O2O របស់យើងបានកាន់តែច្រើន ហើយដាក់ឱ្យដំណើរការនៅ តាមទីក្រុងទាំង២៣៥កន្លែង ដែលយើងកំពុងធ្វើប្រតិបត្តិការ»។

Booking Holdings Inc. (NASDAQ: BKNG) គឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោក ដែលផ្តល់សេវាកម្មផ្នែក ទេសចរណ៍និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀត តាមប្រព័ន្ធអនឡាញ ជូនដល់អតិថិជននិងដៃគូសហការជាង 220 ប្រទេសនិងតំបន់ តាមរយៈម៉ាកយីហោចម្បងទាំង6 ដូចជា Booking.com, KAYAK, priceline, agoda.com, Rentalcars.com និង OpenTable។ បេសកកម្មរបស់ក្រុមហ៊ុន Booking Holdings គឺចង់ជួយឱ្យមនុស្សទទួលបានបទ ពិសោធន៍អំពីពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Bookingholdings.com។

Grab (ហ្គ្រេប) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវីធីទូរស័ព្ទដែលពេញនិយមបំផុត ដែលភ្ជាប់សេវាកម្មពីប្រព័ន្ធអនឡាញទៅ សេវាកម្មដោយផ្ទាល់(O2O) នៅអាស៊ីអាគ្នេយ៏។ សេវាកម្មទាំងនោះមានដូចជា ការធ្វើដំណើរ ការញ៉ាំអាហារ ការដឹកជញ្ជូនឥវ៉ាន់ ហើយក៏អាចទូទាត់ប្រាក់តាមរយៈគណនីអនឡាញ។ Grab(ហ្គ្រេប) ជឿជាក់ថាប្រជាជននៅតំបន់ អាស៊ីអាគ្នេយ៍ទាំងអស់ គួរតែទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ហើយក្រុមហ៊ុនក៏ផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូន ដែលមានតម្លៃសមរម្យ ដែលប្រកបដោយសុវត្ថិភាព ការដឹកជញ្ជូនទំនិញ និងចំណីអាហារ ការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងសេវាកម្មហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ Grab(ហ្គ្រេប) កំពុងតែផ្តល់សេវាកម្មនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់វែបសាយ៖ www.grab.com៕