(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្ស IPU គ្រាន់តែជាអង្គការចាត់តាំងមួយបម្រើនយោបាយ និងមនោគមន៍វិជ្ជាឱ្យបរទេសណាមួយតែប៉ុណ្ណោះ ហើយកម្ពុជាជាប្រទេសឯករាជ្យពេញលេញ មិនធ្វើតាមការបង្គាប់បញ្ជារបស់ IPU នោះទេ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី នាយកទទួលបន្ទុកផ្នែកទំនាក់ទំនងនៃសហភាពអន្តរសភា IPU លើកឡើងនាថ្មីៗនេះថា ចំណាត់ការរបស់ IPU ចំពោះការចេញសេចក្តីសម្រេចសម្រាប់ប្រទេសកម្ពុជាកន្លងមក មិនគួរត្រូវបានបកស្រាយថាជាការ «ជ្រៀតជ្រែក» កិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ខណៈដែលខ្លួនគ្រាន់តែតាមដានការ «រំលោភបំពាន» សិទ្ធិរបស់សមាជិកសភា និងទាមទារឲ្យមានការ «លើកកម្ពស់សិទ្ធិ» របស់កម្ពុជាតែប៉ុណ្ណោះ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះ៖ «វាគ្រាន់តែជាអង្គការចាត់តាំងមួយបម្រើនយោបាយ និងមនោគមន៍វិជ្ជាអន្តរជាតិ ណាមួយប៉ុណ្ណោះដែលរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់កើតចេញពីការបោះឆ្នោត និងមានឯករាជ្យ និងមានអធិបតេយ្យភាព ពេញលេញ មិនខ្ចីយកត្រចៀកស្តាប់ និងមើលឡើយ»។
លោក សុខ ឥសាន បានបន្តថា នៅក្នុងបានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការសិទ្ធិមនុស្ស IPU បានចេញសេចក្តីសម្រេចមួយមានចំនួន១២ចំណុច ដែលបានជំរុញជាថ្មីឱ្យអាជ្ញាធរកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងនោះ ទាមទារឱ្យដោះលែង លោក កឹម សុខា អតីតប្រធានអតីតគណបក្សប្រឆាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទាមទារ ឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញផងដែរ ដែលធ្វើឱ្យគណៈប្រតិភូសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយ «បដិសេធទាំងស្រុង» ចំពោះសេចក្ដីសម្រេចនេះ និងចោទថា IPU បានលាបពណ៌ប្រទេសកម្ពុជា ឱ្យខ្មៅងងឹត តាមរយៈការចេញ នូវសេចក្ដីសម្រេចដែលមានលក្ខណៈលម្អៀង។
អ្នកនាំពាក្យគណបក្សកាន់អំណាច បានបន្តថា តែផ្ទុយទៅវិញ បើរាល់ការបង្គាប់បញ្ជា និងតម្រូវរបស់ខ្លួននោះមិនត្រូវបានអនុវត្តតាមទេ និងគ្មានប្រសិទ្ធភាពទេនោះ បានសេចក្តីថា គណៈកម្មាធិការសិទ្ធិមនុស្ស IPU នេះមិនខ្មេះទេ អត់បានការទាល់តែសោះ។ បើពិតជាចៅហ្វាយនាយកម្ពុជា ជាម្ចាស់អាណានិគមន៍លើកម្ពុជា និងបើជាថៅកែលើកូនឈ្នួលកម្ពុជា មែននោះរាល់ការបង្គាប់បញ្ជា និងការតម្រូវទាំងបីចំណុចខាងលើនេះ ប្រាកដជាមានប្រសិទ្ធភាពយ៉ាងជាក់ស្តែង តាមការចង់បានរបស់ខ្លួន។
លោក សុខ ឥសាន បានចោទសួរថា ការទាមទារ និងតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើតាមខ្លួនយ៉ាងដូច្នេះតើគណៈកម្មាធិការសិទ្ធិមនុស្ស IPU តាំងខ្លួនឯងជាអ្វីជាមួយកម្ពុជា? ទី១៖ តើជាចៅហ្វាយនាយរបស់កម្ពុជាឬ? ទី២៖ តើជាម្ចាស់អាណានិគមលើកម្ពុជាឬ? ទី៣៖ តើជាថៅកែលើកូនឈ្នួលកម្ពុជាឬ?៕