(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលជួបលោកសាស្ត្រាចារ្យ Kazuhito Kawakita ព្រឹទ្ធបុរសមហាវិទ្យាសាស្ត្រជីវកសិកម្ម នៃសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងជម្រាបជូនសកម្មភាព នៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើការងារបណ្តុះបណ្តាលថ្នាក់បណ្ឌិតកសិកម្ម។
នាឱកាសនោះ លោកសាស្ត្រាចារ្យ kawakita បានជម្រាបជូនលោករដ្ឋមន្ត្រី ជ្រាបអំពីជំហានទី២ នៃផែនការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្រៅពីការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត សាកលវិទ្យាល័យ ណាហ្គូយ៉ា ក៏គ្រោងបន្តបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគីរវាង កម្ពុជា-ជប៉ុន-ហ្វីលីពិន តាមរយៈបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រកសិកម្ម នៅក្នុងតំបន់ត្រូពិច ដើម្បីពង្រឹងសមត្ថភាពអប់រំ ស្រាវជ្រាវរបស់កម្ពុជា ឲ្យកាន់តែមានភាព រីកចម្រើនថែមមួយកំរិតទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាកលវិទ្យាល័យណាហ្គូយ៉ា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ហើយលោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើររវាងគ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះ នឹងបន្តធ្វើយ៉ាងណាលើកស្ទួយធនធានមនុស្ស ពិសេសមន្ត្រីជំនាញរបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មឲ្យបានពេញលេញ និងមានប្រសិទ្ធភាព អនុវិស័យជលផល ព្រៃឈើ ការកែច្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកសិកម្ម គួរតែបន្តធ្វើការសិក្សា ស្រាវជ្រាវបន្ថែមទៀត។ ដូច្នេះ លោករដ្ឋមន្ដ្រី បានស្នើដល់សាកលវិទ្យាល័យណាហ្គូយ៉ា ពិនិត្យលទ្ធភាពក្នុងការពង្រីកកម្មវិធីសិក្សា ថ្នាក់បណ្ឌិតរបស់ខ្លួន ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីជំនាញផ្នែកខាងលើពង្រឹង និងពង្រីកសមត្ថភាព។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Kawakita ប្តេជ្ញាថា សាកលវិទ្យាល័យណាហ្គូយ៉ា នឹងពិនិត្យនិងខំអស់លទ្ធភាពជួយមន្ត្រីជំនាញ របស់ក្រសួងបង្កើនសមត្ថភាព ដើម្បីយកមកជួយអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសប្រទេសជាតិ។
សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើររវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចាប់ផ្តើមតាំងពីឆ្នាំ ២០០០មកម្ល៉េះ។ ដោយសង្គេតឃើញថា កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ និងនៅមានសក្តានុពលក្នុងការពង្រីក សាកលវិទ្យាល័យណាហ្គូយ៉ា បានសម្រេចចិត្តបង្កើតសាខា (Satellite Institute) ចំនួន៣ នៅកម្ពុជា។
ក្នុងនោះរួមមាន ១៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់សិក្សា និងលើកកម្ពស់ផ្នែកកសិកម្ម, ២៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់សិក្សាផ្នែកអភិវឌ្ឍនអន្តរជាតិ, ៣៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់សិក្សាផ្នែកច្បាប់។
អ្វីដែលគួរជាទីមោទនៈសម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១៧ និង២០១៨ នេះគឺមានមន្ត្រីជំនាញ២រូប បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ។ ដោយឡែក បច្ចុប្បន្នក៏នៅមានមន្ត្រីជំនាញចំនួន៥រូបទៀត កំពុងសិក្សាថ្នាក់បណ្ឌិតផងដែរ៕