(ភ្នំពេញ)៖ លោក Rogier VAN MANSVELT អនុប្រធានគណៈកម្មាធិការធុរកិច្ចបៃតង នៃសភាពាណិជ្ជកម្មអឺរ៉ុប បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធសូឡា គឺអាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីបានច្រើននៅពេលថ្ងៃ ហើយវាអាចបង្កើតជាថាមពលអគ្គិសនី ដោយកាត់បន្ថយការប្រើប្រាស់ជាតិកាបូន ធ្យូងថ្ម ដែលធ្វើឱ្យពុលបរិស្ថាន ប៉ះពាល់ដល់សុខភាពផងដែរ។
លោកថា ដើម្បីអនុវត្តន៍នូវសេដ្ឋកិច្ចបៃតង កម្ពុជាគួរបង្កើនការប្រើប្រាស់ប្រព័ន្ធសូឡា ដែលប្រើពន្លឺព្រះអាទិត្យ។
អនុប្រធានគណៈកម្មាធិការធុរកិច្ច បៃតងនៃសភាពាណិជ្ជកម្មអឺរ៉ុបរូបនេះ បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចពិភាក្សាសារព័ត៌មាន ស្តីពី «សេដ្ឋកិច្ចបៃតង និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនអឺរ៉ុប» នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងពិធីនោះដែរ ក៏មានការចូលរួមពីលោក Andeol Cadin ប្រធានគណៈកម្មាធិការធុរកិច្ចបៃតង នៃសភាពាណិជ្ជកម្មអឺរ៉ុប លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា រួមទាំងមានអ្នកសារព័ត៌មានចូលរួមយ៉ាងច្រើនផងដែរ។
លោក Rogier VAN MANSVELT បានថ្លែង ការប្រើប្រាស់ប្រព័ន្ធសូឡា គឺអាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីបានច្រើននៅពេលថ្ងៃ ប៉ុន្តែមានតែរោងចក្រធំៗទេ ដែលប្រើប្រាស់រយៈពេលពេញ២៤ម៉ោងនោះ ទើបទទួលបានអត្ថប្រយោជន៍ច្រើន ពីការប្រើប្រាស់ថាមពលនេះ ប៉ុន្តែកន្លែងប្រើប្រាស់តូចៗ ដូចជា តាមផ្ទះ ឬកន្លែងតូចៗ នោះគឺមិនសូវទទួលបានប្រយោជន៍ច្រើនទេ ពីការប្រើប្រាស់ថាមពលនេះ ដូច្នេះយើងនឹងសាកសួរទៅខាងក្រសួងផងដែរទាក់ទងបញ្ហានេះ ពីព្រោះនៅប្រទេសផ្សេងៗ ដូចជា នៅអឺរ៉ុប ថៃ វៀតណាម អាឡឺម៉ង់ ហូឡង់ និងអាមេរិក គឺគេបានជម្រុញឱ្យប្រើប្រាស់ថាមពលសូឡានេះរួចហើយ ហើយនៅក្នុងប្រទេសកម្ពុជា ក៏បានព្យាយាមឱ្យប្រើប្រាស់សូឡាដែរ តែវាមានភាពយឺតខ្លាំងណាស់។
លោកបានបញ្ជាក់ទៀតថា «យើងគួរតែងាកមកប្រើសូឡានេះឱ្យបានច្រើនវិញ ពីព្រោះការប្រើប្រាស់សូឡា អាចបង្កើតជាថាមពលអគ្គិសនី កាត់បន្ថយការប្រើប្រាស់ជាតិកាបូន ធ្យូងថ្ម ដែលអាចធ្វើឱ្យពុលដល់បរិស្ថាន ប៉ះពាល់ដល់សុខភាព ដូច្នេះយើងគួរងាកមកប្រើប្រាស់ប្រព័ន្ធសូឡា ព្រោះវាក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចប៉ៃតងផងដែរ»។
លោក Andeol Cadin បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងការវាយតម្លៃក្នុងប្រទេសកម្ពុជា ទាក់ទងទៅនឹងសេដ្ឋកិច្ចប៉ៃតង សហភាពអឺរ៉ុបទើបតែចាប់ផ្តើមនោះទេ ប៉ុន្តែវា គឺជាកត្តាមួយដែលល្អ ដែលយើងបានមើលឃើញពីឆន្ទៈ របស់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលបានចាប់ផ្តើមកម្មវិធីសេដ្ឋកិច្ចប៉ៃតងមួយនេះ។
លោកបានបញ្ជាក់ទៀតថា ទោះបីជាយើងស្ថិតនៅក្នុងតំណាក់កាលដំបូង នៃការចាប់ផ្តើមសេដ្ឋកិច្ចប៉ៃតងយ៉ាងណាក៏ដោយ គឺវាអាចនឹងឈានទៅមុខបានយ៉ាងលឿន ដោយសារតែភាគីពាក់ព័ន្ធសំខាន់ៗដូចជា NGO ស្ថាប័នរដ្ឋាភិបាល និងអ្នកតំណាងវិស័យឯកជន បានបង្ហាញនូវឆន្ទៈរឹងមាំក្នុងការគាំទ្រ៕