(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានរៀបចំបើកសិក្ខាសាលាប្រជុំផ្សព្វផ្សាយ ផែនការមេជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឆ្នាំ២០១៤-២០២០ នូវការអនុវត្តបទដ្ឋានគតិយុត្ត និងទិសដៅការងារជំរុញសម្របសម្រួល ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
សិក្ខាសាលានេះបានធ្វើឡើង ក្រោមអធិបតីភាពលោក ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកជាង១៦០នាក់។
លោក សុខ លូ បានលើកឡើងថា ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិជាក់ស្តែង ក្នុងវិស័យកសិកម្មកំពុងតែរីកចម្រើនខ្លាំងផងដែរ នៅតាមបណ្តាក្រុងស្រុកទាំងអស់។ សមិទ្ធិផលនេះពិតជាបានកើតមកពីការចូលរួម យ៉ាងសកម្មពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសវិស័យឯកជន សប្បុរសជននានាដែលបានរួមសហការកសាង ស្ថាបនាអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិរបស់យើង ឲ្យកាន់តែរឹងមាំក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះទាមទាឲ្យយើងមានការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ឲ្យស្របតាមការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
លោក ទួន ថាវរៈ បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពីផែនការមេជាតិវិទ្យាស្ថាននិងបច្ចេកវិទ្យាឆ្នាំ២០១៤-២០២០ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងទិសដៅការងារជំរុញ និងសម្របសម្រួលការអភិវឌ្ឍវិទ្យាស្ថាន និងបច្ចេកវិទ្យាការអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការមានអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មានអត្ថន័យជាសារវន្តសម្រាប់បរិការណ៍ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអំឡុងពេលបច្ចុប្បន្ន កិច្ចប្រជុំផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ផ្ដល់ ចំណេះដឹងតាមរយៈការផ្សព្វផ្សាយ និងពន្យល់ទ្រឹស្ដីខ្លឹមសារផែនការក្របខ័ណ្ឌគតិយុត្តិ និងលទ្ធផលការងាររបស់អគ្គលេខាអធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យាក្នុងកិច្ចការជំរុញ និងសម្របសម្រួលកិច្ចការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅកម្ពុជា។
ផ្ដល់ចំណេះធ្វើតាមរយៈការផ្សព្វផ្សាយ និងពន្យល់វិធីរូបមន្ត និងឧទាហរណ៍ជាក់ស្ដែង នៃកិច្ចការនីមួយៗ។ លើសពីនេះការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការកំណត់អាទិភាព ការយកចិត្តទុកដាក់ឆន្ទះ និងតួនាទីឈានមុខរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាស្របតាមស្មារតី នៃយុទ្ធសាស្រ្តចតុកោកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងផែនការមេជាតិវិទ្យាស្ថានបច្ចេកវិទ្យា២០១៤-២០២០ ក្នុងទស្សនៈរួមមួយថា វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងចលករប្រកបដោយថាមពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិលើកកម្ពស់វិស័យ ជាអាទិភាពនានាសំដៅបង្កើនប្រាក់ចំណូលសុខុមាលភាព ប្រជាពលរដ្ឋសុខុមាលភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ និងការពង្រឹងកិច្ចការពារបរិស្ថាន។
លោកបានបន្តថា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក៏ត្រូវបានចាត់ទុកជាគ្រឹះ នៃការអភិវឌ្ឍក្នុងគ្រប់វិស័យ និងជាឆ្អឹងខ្នងនៃការប្រកួតប្រជែងសេដ្ឋកិច្ច ប្រកបដោយមោទនភាពជាតិនៅទូទាំងពិភពលោកផងដែរ ដើម្បីធានាបានសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍយើងចាំបាច់ត្រូវយល់ដឹងអំពីស្ថានភាព នៃកិច្ចការលាភពេលបច្ចុប្បន្នដើម្បីជាមូលដ្ឋាន ក្នុងការតម្រង់ទិស និងការរៀបចំការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍក៏ដូចជា ផែនការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានាពេលអនាគត។
ជាចុងក្រោយ លោកបានជំរុញដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសូមយកចិត្តទុកដាក់ទាំងអស់គ្នា សូមចូលរួមឲ្យបានផុសផុលទាំងសកម្មភាពប្រកបដោយស្មារតី យកចិត្តទុកដាក់ទាំងលើផ្នែកទ្រឹស្ដីទាំងលើផ្នែកអនុវត្ត៕