(វូស៊ី, ជាំងស៊ូ, ចិន)៖ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំរបស់កម្ពុជានោះ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងបច្ចេកទេសរបស់ក្រុងវូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន សហកាជាមួយក្រុមហ៊ុន HODO Group បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ការបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សបំពេញទៅនឹងសេចក្តីត្រូវការសម្រាប់វិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជានៅតំបន់ដទៃទៀតដែលកំពុងមានការខ្វះខាតក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូព័ត៌មានកម្ពុជានៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងបច្ចេកទេសក្នុងទីក្រុងវូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន លោក Yang Jianxin លេខាបក្សកុម្មុយនិស្តចិន នៃវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងបច្ចេកទេស បានអះអាងថា ការបង្កើតវិទ្យាស្ថាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើឡើងបន្ទាប់ពីមានការចុះកិច្ចព្រមព្រមព្រាងគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា និងចិន ក្នុងពេលដំណើរបំពេញទស្សនកិច្ចរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ទៅកាន់ប្រទេសកម្ពុជាក្នុងពេលចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី២ នៅក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ២០១៨នេះ។
បើតាមលោក Yang Jianxin វិទ្យាស្ថាននេះ នឹងចាប់ផ្តើមទទួលសិស្សសិក្សានៅឆ្នាំ២០១៩ ហើយការបើកដំណើរការដំបូងនេះនឹងទទួលសិស្សប្រមាណ ៦០នាក់ ដោយសិក្សាលើមុខវិជ្ជាចំនួន៣។
មន្រ្តីជាន់ខ្ពស់នៃវិទ្យាស្ថាននៅទីក្រុងវូស៊ីរូបនេះ ក៏បានប្តេជ្ញាពុះពាររាល់ឧបសគ្គក្នុងការបណ្តុះបណ្តាលនៅវិទ្យាស្ថានដំបូងរបស់ចិនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីបង្កើតធនធានមនុស្សឆ្លើយតបតម្រូវការនៃកំណើនឧស្សាហកម្មរបស់កម្ពុជា។
«ទោះបីមានបញ្ហា និងឧបសគ្គធំប៉ុណ្ណាក៏ដោយ យើងនឹងប្រឹងប្រែងពុះពារ ដើម្បីបណ្តុះបណ្តាល។ យើងនឹងចាប់ដៃគ្នាជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា»។ លោក Yang Jianxin បានគូសបញ្ជាក់។
លោក Yang Jianxin បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់គាំទ្រលើគម្រោងបណ្តុះបណ្តាលមួយនេះ ដើម្បីទទួលបានជោគជ័យលើការបណ្តុះបណ្តាល។
កម្ពុជាកំពុងជួបបញ្ហាខ្វះខាតអ្នកជំនាញបច្ចេកទេសជាច្រើនលើវិស័យឧស្សាហកម្មប្រើជំនាញបច្ចេកទេស គ្រាដែលកំពុងមានមហិច្ឆតាបង្កើនវិស័យនេះឲ្យបានខ្លាំងក្លា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានអំពាវនាវឲ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ។
និស្សិតខ្មែរមួយរូបដែលទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងបច្ចេកទេសក្រុងវូស៊ី បានសាទរចំពោះការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោក លីវ សំណាង បានប្រាប់ Fresh News ថា «វាជារឿងល្អមួយបងសម្រាប់ការបង្កើតវិទ្យាស្ថាននេះឡើង ព្រោះថាបច្ចុប្បន្នក្នុងវិស័យឧស្សាហកម្មរបស់យើងកំពុងខ្វះជំនាញបច្ចេកទេសនេះច្រើន។ បើយើងចង់ឲ្យវិស័យឧស្សាហកម្មមានស្ថេរភាព និងឈានទៅជាឧស្សាហកម្មធន់ធ្ងន់បានយើងត្រូវតែមានអ្នកបច្ចេកទេសឲ្យបានច្រើន»។
ដើម្បីសម្រួលដល់ការសិក្សារបស់និស្សិតនោះ យុវជន សំណាង ក៏ចង់ឲ្យវិទ្យាស្ថាននោះបង្កើតកន្លែងស្នាក់នៅរបស់និស្សិតផងដែរ។
សូមបញ្ជាក់ថា វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងបច្ចេកទេសក្រុងវូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥មកម្ល៉េះ ជាមួយប្រព័ន្ធបណ្តុះបណ្តាលមួយមានភាពល្អប្រសើរ។ បច្ចុប្បន្នវិទ្យាស្ថានបានទទួលប័ណ្ណសរសើរជាច្រើនពីស្ថាប័នអន្តរជាតិនានា ហើយក៏កំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាលានានាលើសកល ដើម្បីដកស្រង់បទពិសោធន៍គ្នាផងដែរ។
វិទ្យាស្ថាននេះ កំពុងបណ្តុះបណ្តាលនិស្សិតប្រមាណ ១៣,០០០នាក់ ជាមួយបុគ្គលិក សាស្ត្រាចារ្យជំនាញៗប្រមាណ ៨០០នាក់។ វិទ្យាស្ថាននេះ មានមុខវិជ្ជាប្រមាណ ២០មុខទទួលស្គាល់ដោយរដ្ឋាភិបាលចិន និងខេត្តជាំងស៊ូផងដែរ។
វិទ្យាស្ថាននេះ ក៏បានផ្តល់អាហារូបករណ៍ឲ្យនិស្សិតពីបណ្តាប្រទេសនានាមកសិក្សានៅទីនេះផងដែរ។ បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ៨នាក់ កំពុងសិក្សានៅវិទ្យាស្ថាននេះ ក្នុងទីក្រុងវូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន៕
ខាងក្រោមជារូបភាពនៃសកម្មភាពគណប្រតិភូព័ត៌មានកម្ពុជា នៅពេលដែលចុះបំពេញទស្សនកិច្ច និងសិក្សាព័ត៌មានផ្សេងៗ នៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈពាណិជ្ជកម្ម និងបច្ចេកទេស នាទីក្រុង វូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន