(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយសមាគមមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍អាស៊ាន (ASEAN CIO Assosiation - ACIOA)។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មកពីបណ្ដាក្រសួង-ស្ថាប័ន ក្រុមហ៊ុនដែលទើបបង្កើតថ្មី (start-up) និងក្រុមហ៊ុនដែលពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រមាណ១២០នាក់។
យោងតាម Facebook ផ្លូវការរបស់លោករដ្ឋមន្ត្រី បានចុះផ្សាយថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីស្វែងយល់ពីតួនាទីសន្តិសុខ នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ទស្សនៈជាសកលអំពីបញ្ហាប្រឈមនៃការស្ថាបនាប្រព័ន្ធសន្តិសុខ និងនិន្នាការថ្មីៗនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត លើស្ថាប័នរដ្ឋ និងឯកជន។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានគូសបញ្ជាក់ពីមូលហេតុដែលនាំឱ្យ មានការរៀបចំសិក្ខាសាលានេះឡើង រួមជាមួយភាពកាត់ផ្ដាច់ពុំបាន នៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសមិទ្ធិផលទាក់ទងនឹងការពង្រឹងសន្តិសុខ ដែលសម្រេចបាននាពេលកន្លងមកជូនអង្គសិក្ខាសាលាបានយល់ដឹងផងដែរ៕