News Update: អគ្គិភ័យដែលឆេះផ្សារស៊ីដនីចាស់ បានរលត់ទាំងស្រុងហើយ ក្រោយសមត្ថកិច្ចប្រើឡានទឹក២២គ្រឿងដើម្បីអន្ដរាគមន៍, មូលហេតុដោយសារធ្លាយទុយោធុងហ្គាស
01-11-2018 17:08
(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះក្នុងផ្សារស៊ីដនីចាស់ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញនោះ បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោយមានកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែង បានឲ្យដឹងថា សម្រាប់គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក អស់ចំនួន២២គ្រឿង ដើម្បីធ្វើការអន្ដរាគមន៍បាញ់ពន្លត់។
បើតាមសេចក្ដីរាយការណ៍ សម្រាប់ចំនួនរថយន្ដពន្លត់អគ្គិភ័យទាំងអស់នេះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣គ្រឿង បាញ់អស់៧គ្រឿង, អាវុធហត្ថរាជធានីភ្នំពេញ បាញ់អស់២គ្រឿង, ក្រសួងមហាផ្ទៃ មក៤គ្រឿង បាញ់អស់១គ្រឿង, ក្រុមហ៊ុន OCIC មក៤គ្រឿង បាញ់អស់១គ្រឿង។
សម្រាប់មូលហេតុវិញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ជំហានដំបូងថា បណ្ដាលមកពីធ្លាយទុយោធុងហ្គាសនៅក្នុងហាងចិនមួយកន្លែង ដែលនៅក្នុងផ្សារស៊ីដនីចាស់នេះ ទើបរីករាលដាលបន្ដ ប៉ុន្ដែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយចំពោះការខូចខាតវិញ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ៕