(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានព្រមានក្រុមហ៊ុនចំណតរថយន្ត OST ថា រាប់ឆ្នាំគ្មានធ្វើអ្វីបាន សោះ គឺចាំតែយកលុយពីក្រុមរថយន្តគ្រប់ប្រភេទតែប៉ុណ្ណោះ បើអសមត្ថភាពទុកឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន សុខារ៉េស៊ីដិន ឌឹព្រីមៀម ធ្វើវិញម្ដង។
លោកបានព្រមានបែបនេះ ក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន សុខារ៉េស៊ីដិន ឌឹព្រីមៀន ស្ថិតនៅតាមបណ្តាយផ្លូវបេតុងឆ្ពោះទៅសាលាសង្កាត់ផ្សារកណ្តាល ក្នងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក សាន ស៊ានហូ បានបញ្ជាក់យ៉ាងដូច្នេះថា «ដល់ពេលវេលាហើយ រាល់ថ្ងៃនេះ ក្រុមហ៊ុនចំណតរថយន្តក្រុងប៉ោយប៉ែត មិនបានចូលរួមអ្វីសោះ សូម្បីចំណតរថយន្តធុនធំ មិនព្រមចាក់បេតុងឡើយ ពេលភ្លៀងម្តងលិចលង់អស់ហើយ ពេលមេឃរាំងវិញភក់ បើកលើផ្លូវបេតុងរបស់ប្រជាពលរដ្ឋដោយជាទុនពលរដ្ឋ១០០ភាគរយ ហើយរង់ចាំតែយកលុយមួយថ្ងៃៗ។ បើអសមត្ថភាពទុកឱ្យគេធ្វើម្តង ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន សុខារ៉េស៊ីដិន ឌឹព្រីមៀម ម្តងមើលត្រឹមដី៣០ ទៅ៤០ហិតា រកមិនបានបើមិនជឿភ្នាល់»។
លោកបានបន្តថា ព្រោះរយៈពេលកន្លងមក នៅលើផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ដែលជាច្រកអន្តរជាតិមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចម្រុះជាតិសាស្ត្រឆ្លងកាត់ គេសង្គេតឃើញ មានរថយន្តដឹកទំនិញជាច្រើន ចតតំរៀបជួរគ្នាតាមដងផ្លូវ និងចញ្ចើមផ្លូវ ដើម្បីផ្ទេរទំនិញ ពេលបើកឡើងលើផ្លូវ ដីដែលជាប់កង់រថយន្តបានជ្រុះរាយប៉ាយពេញផ្លូវ និងរថយន្ត ដឹកដីមួយចំនួន ពុំមានការគ្របតង់ ក៏បានជ្រុះដីពេញដងផ្លូវជាតិផងដែរ ភាពស្អេកស្កះទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុងយ៉ាងខ្លាំង។
លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មិនត្រឹមតែធ្វើឱ្យដីរាយប៉ាយនៅដងផ្លូវនោះទេ ដីនឹងសម្រាមទាំងនោះ និងហូរចូលលូពេលភ្លៀងធ្លាក់ ធ្វើឱ្យលូស្ទះហូរមិនទាន់ អាចបង្កឱ្យមាន ទឹកជំនន់ជនលិចលំនៅដ្ឋានប្រជាពលរដ្ឋបានទៀតផង៕