(តាកែវ)៖ ប្រធាននាយកដ្ឋានកិច្ចការងារប៉ុស្ថិ៍នគរបាលរដ្ឋបាល ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល និងស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បើកកិច្ចប្រជុំ ជាមួយគ្នា ដើម្បីដកស្រង់បទពិសោធន៍ស្តីពី ការអនុវត្តការងារងារនគរបាល និងសហគមន៍។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានលើកឡើងថា នគរបាលខេត្តតាកែវ ក្រោមការដឹកនាំផ្ទាល់របស់លោក បានអនុវត្តនូវបទបញ្ជាយ៉ាងម៉ាត់ រាល់ផែនការ និងគោលការណ៍ច្បាប់ដាក់ចេញដោយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅលើតួនាទី ភារកិច្ច របស់នគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា «កម្លាំងនគរបាលខេត្តតាកែវ បានបំពេញការងារ លើវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសលើការងារល្មើសឧក្រិដ្ឋ និងបទល្មើសគ្រឿងញៀន ទទួលបានជោគជ័យជាបន្តបន្ទាប់នាំឱ្យប្រជាជនជំនឿទុកចិត្ត និងមានភាពកក់ក្តៅលើកិច្ចការងាររបស់នគរបាល»។
លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល បានថ្លែងថា ឆ្លងកាត់ការសិក្សាត្រួតពិនិត្យទៅលើការងារ ប៉ុស្ថិ៍នគរបាលរដ្ឋបាលគោលដៅទាំងអស់ នៃខេត្តតាកែវ លោកសូមការកោតសរសើ និងវាយតម្លៃខ្ពស់លើការងារ ដឹកនាំរបស់នគរបាលប៉ុស្ថិ៍នទាំងនោះ ទាំងវិន័យកិច្ចការងាររដ្ឋបាល ការងារសន្តិសុខ ការប្រាស័យទំនាក់ទំនងជាមួយប្រពលរដ្ឋ និងអាជ្ញាធរដែនបានល្អ ប៉ុន្តែនៅមានចំណុចខ្វះខាតបន្តិចបន្តួច លោកក៏បានណែនាំត្រូវកែតម្រូវ ដើម្បីការងារដឹកនាំប៉ុស្ថិ៍នគរបាលរដ្ឋបំរើប្រជាពលរដ្ឋទទួលបានកាន់តែជោគជ័យ។
លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំឱ្យកម្លាំងនគរបាលប៉ុស្តិ៍ត្រូវតែគោរពវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ឱ្យបានម៉ឺងម៉ាត់ហើយជាពិសេសធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋមានជំនឿទុកចិត្ត ដោយចូលរួមសហការល្អជាមួយនគរបាល៕