(ក្រចេះ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី បទដ្ឋានបច្ចេកទេសក្នុងការផលិតស្រាសអង្ករ និងផលប៉ះពាល់របស់វាដល់សុវត្ថិភាព និងសុខភាពអ្នកបរិភោគ ដល់អ្នកដែលប្រកបរបរផលិតស្រាសអង្ករ នៅតាមបណ្តាស្រុកទាំង៥ និងក្រុង១ របស់ខេត្តក្រចេះ ដើម្បីមានចំណេះដឹងថ្មី ដែលបានធ្វើឡើងនៅសាលមហោស្របខេត្តក្រចេះ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងលោក អ៊ិន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានស្តង់ដារកម្ពុជា រួមនិងសមត្ថកិច្ចពាក់ព័ន្ធ។
លោក ខ័ណ្ឌ ចំណាន បានលើកពីគោលបំណង នៃវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺយើងចង់ឲអ្នកផលិតស្រាសអង្ករទាំងអស់ និងអាជីវករ បានទទួលចំណេះដឹងអំពីបទដ្ឋានបច្ចេទេស ក្នុងការផលិតស្រាសអង្ករ និងផលប៉ះពាល់របស់វាដល់សុវត្ថិភាព សុខភាពអ្នកប្រើប្រាស់ និងយល់អំពីអត្ថប្រយោជន៍ការបិទស្លាក ផលិតផលឲ្យបានត្រឹមត្រូវ ដើម្បីផលិតផលធានាបាននូវសុវត្ថិភាពសម្រាប់អ្នកទទួលទាន ឬអ្នកប្រើប្រាស់។
វគ្គបណ្តុះបណ្តាលនាពេលនេះ ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញឲ្យផលិតផលក្នុងស្រុករបស់យើង អនុវត្តន៍តាមស្តង់ដារកម្ពុជា និងស្តង់ដារអន្តរជាតិ ធានានូវគុណភាព និងសុវត្ថិភាព ដើម្បីរួម ចំណែកក្នុងការការពារសុខុមាលភាព និងសុខភាពសាធារណៈ និងសង្គមជាតិទាំងមូល។
លោក អ៊ិន សំបូរ បានធ្វើបទបង្ហាញ់ពីសារសំខាន់ នៃការផលិតស្រាសដល់អ្នកចូលរួម ដោយបានផ្តាំផ្ញើឲ្យអ្នកផលិតទាំងអស់ ត្រូវផលិតប្រកបដោយមានអនាម័យ និងមានគុណភាព សុវត្ថិភាព ដោយគ្មានការលាយសារធាតុមេតាណុលនោះទេ ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកហូប។
សូមបញ្ជាក់ថា ករណីពុលស្រាសមួយ បានកើតឡើងនៅឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះ និងឃុំកោះខ្ញែ បណ្ដាលឲ្យប្រជាពលរដ្ឋ៥នាក់ស្លាប់ និង៧៨នាក់ទៀត ធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់។