(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យទួលក្បិល ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ ភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង១,០០០នាក់ផងដែរ។
បន្ទាប់ពីធ្វើរបាយការណ៍សង្ខេបរបស់លោកនាយកសាលាវិទ្យាល័យទួលក្បិលរួចមក, លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានអាននូវសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩។
លោក ស្រី ឃួន ឃុនឌី បានថ្លែងថា «នៅថ្ងៃនេះ គឺជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់ របស់យើងបានមានឱកាសទទួលនូវការអប់រំក្នុងការបន្តសិក្សា រៀនសូត្រ និងជាថ្ងៃចាប់ផ្ដើម នៃជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនិងដល់អាយុត្រូវចូលរៀន។ រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យអប់រំ ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធអប់រំ នៅទូទាំងប្រទេសការយកចិត្តទុកដាក់ដល់សិស្សជួបការលំបាក ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅរបស់គ្រូបង្រៀនជាបន្តបន្ទាប់»។
ជាមួយគ្នានេះដែរ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួល បានចំណេះដឹងជំនាញសីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អដែលជាសសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសម្បូររុងរឿងជាមួយគ្នានេះដែរការចូលរួមរបស់មាតាបិតាសិស្ស ក៏ជាអាណាព្យាបាលអាជ្ញាធរដែនដីនិងដៃគូអភិវឌ្ឍន៍ កម្លាំងមួយជួយដល់ការអភិវឌ្ឍវិស័យអប់រំឲ្យមានដំណើរការបានល្អ។
លោកស្រីបានបន្តថា «នាយុគសម័យនេះសម័យនេះហើយ មិនត្រូវមានអ្នកមិនចេះអក្សរនោះទេ ដូច្នេះសូមឪពុកម្ដាយទាំងអស់ ត្រូវបញ្ជូនកូនទៅរៀនឲ្យបានគ្រប់ៗរូប ដើម្បីឲ្យកូនទទួលបានការ បណ្ដុះបណ្ដាល ធនធានមនុស្សទាំងបញ្ញា ស្មារតី ហើយការបណ្ដុះបណ្ដាលធនធានមនុស្សគឺមានសារសំខាន់ណាស់ ហើយការបណ្ដុះបណ្ដាលនេះ គឺផ្ដើមចេញពីខ្លួនយើងដោយមិនមាន អ្នកណាជំនួសបាននោះទេ»។
ចុងក្រោយលោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះរស់នៅប្រកបដោយសុខដុមរមនា ចេះអត់ឱនឲ្យគ្នាអធ្យាស្រ័យទៅវិញទៅមកចេះសាមគ្គីគ្នាចេះស្រឡាញ់គ្នា ខិតខំរៀនសូត្រខិតខំធ្វើអំពើល្អឲ្យបានច្រើន ដើម្បីឲ្យក្លាយទៅជាកូនល្អ, សិស្សល្អ, ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សីដើម្បីជួយសង្គមជាតិឲ្យមានការរីកចម្រើន និងចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀនមិនត្រូវសេពគ្រឿងស្រវឹង ល្បែងអបាយមុខផ្សេងៗ ជាចុងក្រោយលោកស្រីក៏បានឧបត្ថម្ភថវិកាសម្រាប់យកទៅប្រើប្រាស់ និងអភិវឌ្ឍសាលារៀនចំនួន ២លានរៀលផងដែរ៕