(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់និស្សិតពេទ្យគ្រប់រូប ត្រូវខិតខំលើកកម្ពស់ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ នៅពេលដែលចុះធ្វើកម្មសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈរបស់ខ្លួន ។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានក្រើនរំលឹកដល់និស្សិតពេទ្យទៀតថា «ពេលកំពុងសិក្សារៀនសូត្រ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព កម្លាំងកាយចិត្ដ ដើម្បីក្រេបយកចំណេះវិជ្ជានេះ យកទៅប្រើប្រាស់ប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺ» ។
លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា «សម្រាប់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលវិញ ត្រូវខំខិតបន្ដលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដានូវចំណេះជំនាញ និងវិធីសាស្ដ្របង្រៀនថ្មីៗទាន់សម័យបច្ចុប្បន្ន ទាំងឧបករណ៍ ទ្រឹស្ដី ដើម្បីធានាបានថា និស្សិតរបស់យើង ទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបថល្អ»។
ជាការឆ្លើយតប លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា «យើងខ្ញុំទាំងអស់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបណ្ដុះបណ្ដាលចំណេះជំនាញជូនដល់និស្សិត ពោរពេញទៅដោយសមត្ថភាព ចំណេះជំនាញយ៉ាងពិតប្រាកដ» ។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យកាន់មានភាពល្អប្រសើរឡើង នូវគុណភាពនៃការបណ្ដុះបណ្ដាលស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ជាថ្នាលបណ្ដុះបណ្ដាលឈានមុខគេ ក្នុងវិស័យវិទ្យាសាស្ដ្រសុខាភិបាល ដែលទទួលបាននូវការទទួលស្គាល់ថ្នាក់ជាតិ និងអន្ដរជាតិ ហើយជាមជ្ឈដ្ឋានមួយ ដែលគ្រូ និស្សិត មន្ដ្រី និងបុគ្គលិក សុទ្ធតែខិតខំនាំមកនូវ ឧត្ដមភាព ក្នុងការបង្រៀន ការសិក្សា ការស្រាវជ្រាវ និងការផ្ដល់សេវាសាធារណៈ ។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០១៧-២០១៨កន្លងមកនេះ សាកលវិទ្យាល័យ បានបណ្តុះបណ្តាលនិសិ្សត មានចំនួនសរុប៦,១៤៣នាក់ ក្នុងនោះមាននិស្សិតស្រី ចំនួន៣,១៨១នាក់ និងនិសិ្សតទទួលអាហារូបករណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មានចំនួន៦៤៦នាក់។ និសិ្សតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន១០៤នាក់ បានទទួលអាហារូបករណ៍ ពីសម្តេចតេជោ នាយករដ្ឋមន្រី្តកម្ពុជា។ ព្រមទាំងដំណើរការបណ្តុះបណ្តាលលើគ្រប់មុខជំនាញ និងគ្រប់កម្រិត ក្នុងវិស័យសុខាភិបាល ពិសេសបានដំណើរការថ្នាក់កម្មវិធីអន្តរជាតិ ផ្នែកវេជ្ជសាស្រ្ត ផ្នែកគិលានុបដ្ឋាក និងផ្នែកឱសថសាស្រ្ត។ សាកលវិទ្យាល័យ បានជ្រើសរើសសាស្រ្តាចារ្យឆ្នើម សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ចំនួន១៨នាក់ មន្រី្ត បុគ្គលិកឆ្នើម សម្រាប់ឆ្នាំ២០១៨ ចំនួន១៥នាក់ និងនិសិ្សត ចំនួន១០៣នាក់ផងដែរ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់អាទិភាព លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យសុខាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ៕