(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានធ្វើឡើងនៅ សាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីរអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន២៤រូប។
សូមបញ្ជាក់ថា លោក យ៉េត ចរិយា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាសបង្គាប់ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅជាអគ្គព្រះរាជអាជ្ញារង អមតុលាការកំពូល។ ចំណែក លោក កែវ សុធា ត្រូវបានព្រះមហាក្សត្រ ត្រាសបង្គាប់ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជំនួសលោក យ៉េត ចរិយា៕