(ភ្នំពេញ)៖ រយៈពេល០២ថ្ងៃ គឺថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ០៩នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន និងក្រាមពណ៍សថ្លា១០កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅ៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
របាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់នេះ រួមមាន ទី១៖ឈ្មោះ មាស ពេជ្រ អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ ស៊ុ សុភា ហៅម៉ាប់, ទី៣៖ឈ្មោះ សុក ផានិត អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ អ៊ឹង ប៊ុនណារិទ្ធ ហៅសុខ អាយុ១៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លូននៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ទី៥៖ឈ្មោះ ហ៊ុន ភិរម្យ អាយុ៣៤ឆ្នាំ, ទី៦៖ឈ្មោះ សោម វណ្ណឆៃ អាយុ៣៥ឆ្នាំ, ទី៧៖ឈ្មោះ ហេង ហ៊ុន អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាននៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ទី៨៖ឈ្មោះ ជា សុជាតិ អាយុ១៦ឆ្នាំ និងទី៩៖ឈ្មោះ ហ៊ួរ វីរ៉ា ហៅភារ៉ា អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន នៅចំណុចប្រឡាយស្ទឹងមានជ័យ ក្រុមទី២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕