(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ ដែលរៀបចំឡើងនៅអប់រំពិសេសកំពង់ចាម ដែលជាសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម នៃអង្គការគ្រួសារថ្មី។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ម៉មដាត្ថា លីណែត នាយិកាក្រុមហ៊ុន Campure Co.,Ltd លោក លោកស្រីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជា សិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩នេះ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ហើយជាពិសេស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។
នៅក្នុងឱកាសនោះលោកស្រីនាយិកា ក៏បានចូលរួមឧបត្ថម្ភ ម៉ាស៊ីនចំរោះទឹកស្អាតចំនួនពីរគ្រឿង រួមជាមួយថវិកាប្រាំមួយលានរៀល ជូនដល់អង្គការគ្រួសារថ្មី ដើម្បីទទួលបានទឹកស្អាត មានអនាម័យដល់ក្មួយៗ ជាជនពិការបានទទួលទាន និងជួយកាត់បន្ថយលើចំណាយផ្សេងៗផងដែរ៕