(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ទៅលើសុខភាព និងសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំដាក់កម្លាំង មន្រ្តីជំនាញឲ្យយាមប្រចាំការតាមផ្សារ ជាប្រចាំដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានកង្វល់ពីសុវត្ថិភាពចំណីអាហារ។
ជាក់ស្តែង នៅថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះប្រចាំការទាំង៦ផ្សាររួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួល ទំពូង ដោយបានសហការជាមួយមន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេត និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងនោះមន្រ្តីបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដូចជា៖ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។ ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពីសុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា៕