(កំពង់ចាម)៖ «គុណតម្លៃ នៃការសិក្សា និងការព្យាយាមអនុវត្តដោយចិត្តគុណធម៌ គឺជាឃ្លាំងនៃភាពជោគជ័យ»។ នេះជាទស្សនទានរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានថ្លែងក្នុងពីធី បើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ និងទិវារំលឹកគុណគ្រូ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិទ្យាល័យព្រះសីហនុ ខត្តកំពង់ចាម ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ ទុកជាមូលដ្ឋានត្រិះរិះពិចារណា។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ពិតណាស់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ថ្មីៗកន្លងទៅនេះ ពួកគេបានឈានទៅសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីបន្តដំណើរទៅរកភាពជោគជ័យរបស់ខ្លួន ហើយចំណេះដឹងរបស់ពួកគាត់ ប្រសិនបើ រួមជាមួយនឹងការព្យាយាមអនុវត្តប្រកបដោយចិត្តមានគុណធម៌ នោះពិតជានឹងបានរួមចំណែក ជួយកសាងសង្គមជាតិយ៉ាងពិតប្រាកដ។
ប៉ុន្តែប្រសិនបើមានតែចំណេះដឹង ហើយចិត្តគ្មានគុណធម៌ទៅវិញ ពួកគេអាចនឹងយកចំណេះដឹងទៅអនុវត្តក្នុងផ្លូវខុស ដូចជា ប្រព្រឹត្តអំពើចោរកម្ម ឬក៏អំពើភាវរកម្មជាដើម ដែលទាំងនោះ គឺជាអំពើបំផ្លាញសេចក្តីសុខអ្នកដទៃ និងជាអំពើបំផ្លាញសង្គមជាតិទាំងមូលផងដែរ ដូច្នេះអ្នកសិក្សាច្រើនមានចំណេះដឹង គួរតែយកចំណេះដឹងនោះទៅប្រើប្រកបដោយចិត្តមានគុណធម៌ ទើបជាឃ្លាំង នៃភាពជោគជ័យក្នុងជីវិតរបស់ខ្លួន និងអាចជួយកសាងសង្គមជាតិបាន។
លោកបានថ្លែងបន្តថា សិស្សានុសិស្សទាំងអស់ ត្រូវចេះដឹងគុណលោកគ្រូ អ្នកគ្រូ ដែលពួកគាត់ខិតខំបង្រៀន ឲ្យមានចំណេះដឹង រហូតបានក្លាយខ្លួនទៅមន្ត្រីរាជការ ឬបានបម្រើកិច្ចការក្នុងស្ថាប័នផ្សេងៗ។ លោកថា នៅក្នុងការបង្រៀនក្នុងថ្នាក់នីមួយៗ មានសិស្សច្រើន ដូច្នេះពិតជាមានធ្វើឲ្យសិស្សខ្លះពេញចិត្ត និងសិស្សខ្លះទៀតមិនពេញចិត្ត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចិត្តរបស់លោកគ្រូ អ្នកគ្រូ គឺមានបំណងតែមួយគត់ គឺចង់ឲ្យសិស្សានុសិស្សទាំងអស់គ្នា មានចំណេះដឹង និងចង់ឃើញទទួលបានជោគជ័យនៅក្នុងជីវិតនាពេលអនាគតតែប៉ុណ្ណោះ ហើយពួកគាត់មិនទាមទារការតបស្នងអ្វីឡើយ។
សូមជម្រាបថា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩។ ក្នុងសារលិខិត សម្តេចបានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។
ជាមួយគ្នានេះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែ៕