(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមជូនពរ និងសម្តែងនូវក្តីអំណរសាទរឥតឧបមាប្រកបដោយបរិយាកាសដ៏សប្បាយរីករាយក្រៃលែង គោរពជូនសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចចៅហ្វាវាំង សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយ៉ឺនយូរតរៀងទៅ។
ក្នុងទិវាដ៏ប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ លោកស្រី ឃួន សុដារី បានគោរពជូនសម្តេចចៅហ្វាវាំង នូវសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជូន សម្តេចចៅហ្វាវាំង ចំពោះគំរូវីរភាពដ៏ឆ្នើម និងគុណបំណាច់ដ៏ថ្លៃថ្លា ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត ខិតខំបម្រើឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ បន្តរួមចំណែកដឹកនាំប្រទេសកម្ពុជា កសាងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ឈានឆ្ពោះទៅភាពសម្បូរសប្បាយរុងរឿង។
ជាងនេះទៅទៀត សម្តេចចៅហ្វាវាំង បានឆ្លៀតពេលវេលា យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី មិនខ្លាចការនឿយហត់ ចូលរួមក្នុងជួរគណៈកម្មាធិការកណ្តាល ដឹកនាំកាកបាទក្រហមកម្ពុជាយ៉ាងសកម្ម និងរួមចំណែកដល់ការអភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រ លើកស្ទួយសេចក្តីថ្លៃថ្នូរ និងតម្លៃមនុស្សជាតិ ធ្វើឱ្យកាកបាទក្រហមកម្ពុជាទទួលបានការគាំទ្រ ល្បីរន្ទឺក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕