(ភ្នំពេញ)៖ «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានចាប់ផ្តើមបើកដំណើរការជាលើកទីពីររបស់ខ្លួនហើយ សម្រាប់ឆ្នាំ២០១៨ នេះ ជាមួយនឹងផែនការសកម្មភាពផ្សព្វផ្សាយ និងអប់រំថ្មីៗ ដែលគួរឲ្យចាប់អារម្មណ៍ ទាក់ទងនឹងការគ្រប់គ្រងសំរាម នៅក្នុងទីក្រុងភ្នំពេញ។ ពិធីប្រកាសដំណើរការជាផ្លូវការនេះ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងលោក ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថានិក «គម្រោងស្អាត»។
ក្នុងនោះ ក៏មានការចូលរួមយ៉ាងកក់ក្ដៅ ពីសំណាក់ភ្ញៀវកិត្តិយស ដែលជាថ្នាក់ដឹកនាំនៃបណ្តាក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត និងជាម្ចាស់ឧបត្ថម្ភ នៃគម្រោងភ្នំពេញស្អាត ព្រមទាំងសមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិគម្រោងស្អាត យុវជនសុឆន្ទៈស្អាត សិល្បករ-សិល្បការី ដែលទាំងអស់មានចំនួនសរុប ១៥០នាក់។
«យុទ្ធនាការភ្នំពេញស្អាត» ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលយុទ្ធនាការនេះ បានប្រសិទ្ធនាមថាជា «ខែស្អាត»។ ឆ្នាំនេះ គឺជាឆ្នាំទី២នៃ យុទ្ធនាការភ្នំពេញស្អាត ដែលនឹងប្រព្រឹត្តឡើងពេញមួយខែវិចិ្ឆកា ត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដោយមានការចូលរួមពី «យុវជនសុឆន្ទៈស្អាត» ចំនួន ២០០ នាក់។ ជាក់ស្ដែង យុវជនសុឆន្ទៈស្អាត ដែលជាអ្នកពាំនាំសាររបស់យុទ្ធនាការ នឹងបំពេញការងារស្ម័គ្រចិត្ត ដោយយោងទៅតាមផែនការសកម្មភាព៩ធំៗ មានដូចជា៖ សិក្ខាសាលាស្ដីពីការបញ្ជ្រាប ការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ), វេទិកាវោហាសព្វជាសាធារណៈ, ការបំផុសយុទ្ធនាការតាមរយៈ Social media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត», ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី, បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន «ស្អាត» ឲ្យបានទូលំទូលាយ, បន្តការផ្សព្វផ្សាយបទចម្រៀងភ្នំពេញស្អាត និងខ្លីបវីដេអូតុក្កតាខ្លី អប់រំពីការថែរក្សាអនាម័យទីក្រុង តាមរយៈស្ថានីយទូរទស្សន៍ និងប្រព័ន្ធសារព័ត៌មាន។ល។
ទស្សនាទានចម្បងនៃគម្រោងស្អាត ដែលបង្កើតឲ្យមាន «យុទ្ធនាការភ្នំពេញស្អាត» គឺសំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការ ចូលរួមចំណែកទទួលខុសត្រូវរួមគ្នា ក្នុងទិសដៅរួមគ្នាគឺ «ស្អាត» បានន័យថា «គ្មានសំរាមពាសវាលពាសកាល»។ បុព្វហេតុនេះ បាននាំឲ្យគោលបំណងជាសារវន្តរបស់ «យុទ្ធនាការភ្នំពេញស្អាត» គឺផ្ដោតទៅលើការផ្លាស់ប្ដូរឥរិយាបទតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រង កាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភំ្នពេញ ក្រោមពាក្យស្លោក «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ «យុទ្ធនាការភ្នំពេញស្អាត» នឹងក្លាយជាដំណោះស្រាយ ចំពោះបញ្ហាសំរាមនៅកម្ពុជា ជាពិសេសការអប់រំប្រជាជន យុវជន និងកុមារ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ យុទ្ធសាស្រ្ត ក្នុងការការពារបរិស្ថាន សោភ័ណភាព និងសុខុមាលភាព ប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា គម្រោង «ភ្នំពេញស្អាត» គឺជាយុទ្ធនាការមួយដែលកំពុងតែត្រូវការ ការចូលរួមសហការ រវាងក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងតាមបណ្ដាសាកលវិទ្យាល័យ និងសាលារៀននានា។ នៅក្នុងនោះផងដែរ ក៏មានការចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ។
ដូចនេះយុទ្ធនាការភ្នំពេញស្អាត ចាប់ផ្តើមបើកដំណើរការជាលើកទីពីរ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ និងក្នុងឆ្នាំបន្តបន្ទាប់ ជាមួយនឹងប្រធានបទថ្មីៗទាក់ទងនឹងការគ្រប់គ្រងសំរាម រហូតទាល់តែប្រជាពលរដ្ឋគ្រប់រូបកែទម្លាប់ និងប្តូរឥរិយាបថ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពោលគឺលែងមានសំរាមធ្លាក់ដល់ដីនៅទីក្រុងភ្នំពេញ ឲ្យដូចពាក្យស្លោករបស់យុទ្ធនាការភ្នំពេញស្អាត «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
គួររំឭកផងដែរថា «គម្រោងស្អាត» ត្រូវបានបង្កើតនៅក្នុងខែវិចិ្ឆកា ឆ្នាំ២០១៧ ដោយសហស្ថាបនិកចំនួន៦រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា រួមមានទី១៖ លោក ជី សីលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sabay Group ទី២៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទី៣៖ លោកស្រី ជា សុផល្លា អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Emerald Plus ទី៤៖ លោកស្រី ហេង ធីតា នាយិកាផ្នែកសេវាកម្មហិរញ្ញាវត្ថុបុគ្គលនៃធនាគារ CIMB Cambodia PLC ទី៥៖ លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា និងទី៦៖ លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
គម្រោងភ្នំពេញស្អាត មានការចូលរួម និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, សាលារាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនស្រ្ដីកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, សភាពាណិជ្ជកម្មអ៊ឺរ៉ុប, សមាគមសហគ្រិនវ័យក្មេង និងសមាគមនិស្សិតវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងពាណិជ្ជសាស្រ្ដអន្ដរជាតិនៅកម្ពុជា (AIESEC) និងស្ថាប័នផ្សេងៗទៀត៕