(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យការជួសជុល និងកសាងផ្លូវក្នុងឃុំគោកត្រប់ ព្រមទាំងជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរឃុំគោកត្រប់ ដើម្បីឈ្វេងយល់អំពី ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការអនុវត្តការងារ និងបញ្ហាប្រឈមនានា របស់ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់លោកមេឃុំគោកត្រប់រួចមក លោក ម៉ម ប៊ុននាង បានជំរុញឱ្យក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ។
ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភារូបនេះ ក៏បានក្រើនរំឭកឱ្យអាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព។ មន្ត្រីគ្រប់រូបត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា ប្រជាជនគ្រប់រូបកំពង់សប្បាយរីករាយ និងមានមោទនះភាពចំពោះការ ដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានកសាង សមិទ្ធិផលជាច្រើនសំរាប់បំរើផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាជន បានជម្រុញឲ្យមាន អ្នកវិនិយោគិនបរទេសនិង អ្នកទេសចរណ៏ អន្តរជាតិ មកវិនិយោគនិងទស្សនាកម្ពុជាកើនឡើងជាលំដាប់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ជាពិសេស សមិទ្ធផល សន្តិភាពវាជាអំណោយផល ដែលអាចឲ្យ យើងមាន ឱកាសកសាង សមិទ្ធផលជាច្រើននៅទូទាំងប្រទេសដើម្បីទុក អោយប្រជាពលរដ្ឋនិង កូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត ព្រោះចំនួនប្រជាជនកាន់តែកើនឡើងតម្រូវការកាន់តែមានច្រើន។ រាជរដ្ឋាភិបាលបាន នឹងកំពុង ខិតខំកសាងស្តារហេដ្ឋារចនា សម្ពន្ធ័ផ្លូវ ថ្នល់លំជនបទស្ពាន អាកាស ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ សរសៃឈាមសេដ្ឋកិច្ច ដើម្បីកំណើនសេដ្ឋកិច្ចសម្រួលការធ្វើដំណើរ ដោះស្រាយ បញ្ហាចរាចរនិង លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកបានបន្ថែមថា មានតែរាជរដ្ឋាភិបាលនាបច្ចុប្បន្នតែមួយប៉ុណ្ណោះ ដែលបានផ្សារភ្ជាប់រួមសុខ រួមទុក្ខជានិច្ចជាមួយប្រជាជន និងថែរក្សាសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញប្រកបដោយមោទនភាព។ ជាពិសេសបន្តអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ និងវត្តអារាម។ល។
បន្ទាប់ពីអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំគោកត្រប់រួចមក ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ក៏បានដឹកនាំអាជ្ញាធរភូមិ ឃុំ និងក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យ និងសាងសង់ផ្លូវចំនួន០២ខ្សែឡើងវិញ ដោយផ្លូវទី១ មានបណ្តោយ ៨៦ ម៉ែត្រ ទទឹង៣.៥ម៉ែត្រ ចាក់បេតុង កំរាស់១តឹក ស្ថិតនៅក្នុងភូមិចារ និងផ្លូវទី២ មានបណ្តោយ ២.០៨០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ក្រាលថ្មម៉ិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិគោកព្រីង ភូមិចារ និងភូមិក្រាំងថ្មីដែលបានចំណាយថវិកាសរុបចំនួន១៥,០០០ដុល្លា ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕