(បន្ទាយមានជ័យ​)៖​ ​នៅលើ​ស្ពាន​មិត្តភាព​ ច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ​នាយឧត្តមសេនីយ៍ គៀត​ ច័ន្ទ​ថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍កម្ពុជា​, ឧត្តមសេនីយ៍ត្រី​​ សុរៈសេដ ផាត​ផាន​ អគ្គនាយកអន្តោប្រវេសន៍​ថៃ​, លោក ​សាន​ ស៊ានហូ​អភិបាលក្រុង​ប៉ោយប៉ែត និងលោកឧត្តមសេនីយ៍ត្រី ​ស៊ឹម​ សំអាត​ ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ ច្រកទ្វារ​ប៉ោយប៉ែត បានជួបប្រជុំគ្នាស្តីពីបញ្ហាឆ្លងដែន។


ក្នុង​កិច្ច​សំណេះ​សំណាល​គ្នា នាថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៨​​នោះ ​ភាគី​ទាំង​ពីរ​​មាន​គោ​លបំ​ណង​ ធ្វើកិច្ច​សហ​ប្រតិបត្តិការ​នៅតា​មបន្ទាត់​ព្រំដែន ដើម្បីទប់ស្កាត់​បទល្មើស​ជួញ​ដូ​រគ្រឿង​ញៀន​ឆ្ល​ងដែន​,ទំនិញ​គេចព​ន្ធ​,​ ឃាត​កម្ម​ និងភេរវកម្មឆ្លងដែន​​ និងកិច្ចសហការរួមគ្នា​ផងដែរ។

នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថារិទ្ធ​ បានថ្លែងថា​ ការពង្រឹងសម្ព័ន្ធភាពរវាងមន្ត្រីនគរបាលអន្តោប្រវេសន៍ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងភាគីទាំងពីរ មានគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនដូចជា ភេរវកម្មឆ្លងដែន ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្សឆ្លងដែន ជួញដូរគ្រឿងញៀនឆ្លងដែន ទំនិញគេចពន្ធឆ្លងដែន និងទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់។

នាយឧត្តមសេនីយ៍បន្តថា ក្នុងកិច្ចជំនួបរវាងភាគីទាំងពីរ ធ្វើយ៉ាងណាដើម្បីការពារសុខសុវត្ថិភាព ជូនប្រជាជន រាល់ដំណើរឆ្លងកាត់ទៅមក ទាំងកិច្ចការងារធុរកិច្ចវិយោគ ទេសចរណ៍ និងដើម្បីជំរុញឲ្យនាយប៉ុស្តិ៍ទាំងពីរភាគី បង្កើតការជួបគ្នាដើម្បីផ្តល់ព័ត៌មាន ការគ្រប់គ្រងស្ថានភាពពង្រឹងការងារអន្តោប្រវេសន៍ នៅតាមច្រកនីមួយៗ ឲ្យបានកាន់តែប្រសើរឡើងទៅថ្ងៃអនាគត។​

ដោយឡែក ចំពោះប្រជាពលរដ្ឋដែលលួចឆ្លងដែនមិនស្របច្បាប់ នាយឧត្តមសេនីយ៍​បានបញ្ជាក់ថា ត្រូវតែលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ និងពន្យល់អប់រំណែនាំឲ្យដឹងច្បាស់ពីគុណវិបត្តិ នៃភាពមិនស្របច្បាប់ ហើយចំពោះកិច្ចការងារនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ បានលើកទឹកចិត្តក្រុមហ៊ុន ដែលនាំពលករទៅក្រៅប្រទេស ដើម្បីឲ្យក្រុមហ៊ុនមានសន្ទុះបំផុសណែនាំពលករ ឲ្យឆ្លងដែនទៅរកការងារធ្វើនៅបរទេស ដោយស្របច្បាប់វិញ៕