(វូស៊ី, ជាំងស៊ូ, ចិន)៖ ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន ឈ្មោះ HODO Group ដែលបានបោះទុនបង្កេីតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលេីកឡេីងថា ប្រសិនបេីមានការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញកម្ពុជាពីសហគមន៍អឺរ៉ុប នឹងមិនរំខានដល់ការវិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនោះឡេីយ។
គណ:កម្មការអឺរ៉ុប កាលពីខែកន្លងទៅ បានប្រកាសពីការបន្តនីតិវីធីក្នុងការដកប្រពន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាដែលនាំចូលទីផ្សារអឺរ៉ុប។ ប្រសិនបេីអឺរ៉ុបសម្រេចដកមែននោះ គេត្រូវការរយ:ពេលជិតពីរឆ្នាំក្នុងការដំណេីរនីតិវិធីនេះ។ មានការលេីកឡេីងថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងនាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីនៅកម្ពុជា ដែលភាគច្រេីនជារបស់ចិននោះ។
លោក Jack Chen ប្រធានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអះអាងថា មានកត្តា៣ ដែលនាំឲ្យក្រុមហ៊ុនចិន និងបណ្តាប្រទេសដទៃទៀតទៅរកស៊ីនៅកម្ពុជា។ កត្តាទាំង៣នោះរួមមាន៖ កម្លាំងពលកម្មមានតម្លៃទាប នយោបាយពន្ធដារល្អ និងប្រព័ន្ធអនុគ្រោះពន្ធ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជា ពេលបំពេញទស្សនកិច្ចនៅទីតាំងរបស់ក្រុមហ៊ុននៅទីក្រុងវូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន លោក Jack Chen បានអះអាងថា «នឹងមានផលប៉ះពាល់ខ្លះ តែមិនមែនទាំងអស់ទេ។ យេីងមានទីផ្សារច្រេីនមិនមែនមានតែអឺរ៉ុបនោះទេ យេីងមានទីផ្សារនៅចិន អាមេរិក ជប៉ុនជាដេីម។ ពិភពលោកនេះធំធេងណាស់ វាប៉ះពាល់ខ្លះតែមិនមែនទាំងអស់នោះទេ»។
HODO Group ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន រកស៊ីលេីវិស័យវាយនភណ្ឌ សំណង់ ផលិតកង់ និងផលិតឱសថផងដែរ។ ក្រុមហ៊ុននេះ បានចាប់ផ្តេីមបង្កេីតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីឆ្នាំ២០០៧ លេីផ្ទៃដីជាង ១៣គីឡូម៉ែត្រក្រឡា។
បេីតាមលោក Jack Chan បច្ចុប្បន្នទុនវិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ មានរហូតដល់ ៥០០លានដុល្លារអាមេរិក។ មានរោងចក្រចំនួន១៣០ កំពុងដំណេីរការ ផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ២១០០០នាក់ ជាមួយប្រាក់ខែសមរម្យ។
អ្នកគ្រប់គ្រងជាន់ខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរូបនេះបានអះអាងថា ក្រុមហ៊ុនកំពុងប្រឹងប្រែងកែប្រែបរិយាកាសនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះឲ្យកាន់តែប្រសេីរថែមទៀត ដេីម្បីទាក់ទាញអ្នកវិនិយោគមកពីអាមេរិក បារាំង និងអ៉ីតាលីជាដេីមមកបង្កេីតរោងចក្រនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។
លោក Jack Chan បង្ហាញជំនឿចិត្តថា ភាពអំណោយផលភូមិសាស្ត្រសម្រាប់ការដឹកជញ្ជូនរបស់ខេត្តព្រះសីហនុ ដែលជាប់សមុទ្រ ជាមួយគម្រោងយកតំបន់សេដ្ឋកិច្ចពិសេសនេះឡេីងទីផ្សារមូលបត្រនៅទីក្រុងសៀងហៃ នឹងទាក់ទាញអ្នកវិនិយោគបានកាន់តែច្រេីនថែមទៀត។
ក្រោយពេលបំពេញទស្សនកិច្ចនៅ HODO Group ហេីយ លោក Chen Peihua តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា និងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ច និងយកព័ត៌មានរបស់គណ:ប្រតិភូព័ត៌មានកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
មន្ត្រីស្ថានទូតរូបនេះលេីកឡេីងថា HODO Group បានរួមចំណែកធ្វេីឲ្យប្រសេីរឡេីងនូវទំនាក់ទំនងកម្ពុជា-ចិន ហេីយក៏ជួយផ្តល់ការងាជូនប្រជាពលរដ្ឋខ្មែរផងដែរ។
លោក Jack Chan បានអះអាង HODO Group រកប្រាក់ចំណូលបានជាង ៦០ពាន់លានយ័ន ស្មេីនឹងជាង ៨.៧ពាន់លានដុល្លារ ហេីយមានបុគ្គលិកជាងពីរម៉ឺននាក់៕