(ភ្នំពេញ)៖ បុរសជាជនជាតិចិនម្នាក់ មិនដឹងជាមានរឿងអ្វីបានជិះម៉ូតូកង់បីឥណ្ឌាហើយចុះ រត់ចូលទៅក្នុងភោជនីយដ្ឋាន ជីន សៀន យកកាំបិតចាក់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែត យកទៅជួយសង្គ្រោះ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្លោះអូរឬស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា មុនពេលកើតហេតុ មានសន្ដិសុខដែលកំពុងយាម នៅភោជនីយដ្ឋាន ជីន សៀន ឃើញបុរសជាជាតិចិនម្នាក់ ចុះពីលើម៉ូតូកង់បីឥណ្ឌា ដើរមកញាក់មុខញាក់មាត់ដាក់សន្ដិសុខយាមហាងខាងលើនេះ ចំនួន២ដង រួចហើយក៏រត់ចូលទៅក្នុងហាងយកកាំបិតចិតបន្លែចាក់ពោះ ហើយយកកាំបិតប៉័ងតោវះពោះបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ បុគ្គលិកដែលធ្វើការនៅក្នុងភោជនីយដ្ឋាននោះ បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីមកដឹកយកជនរងគ្រោះខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនៅក្នុងករណីនេះទេ ពោលមានតែជនជាតិចិនតែម្ដងនោះប៉ុណ្ណោះ។ ចំណែកឯអត្តសញ្ញាណបុរសជនជាតិចិនខាងលើនេះ មិនទាន់បានស្គាល់អត្តសញ្ញាណនោះឡើយ៕