(ភ្នំពេញ)៖ កម្មវិធីអាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដែលមានរយៈពេល៥ឆ្នាំមកនេះ បានផ្ដល់ឱកាសដល់និស្សិតកម្ពុជា អាចបន្ដការសិក្សា និងសម្រេចបំណងរបស់ខ្លូនចង់រៀន និងចង់បាន ហើយនៅពេលនេះ ក្រុមហ៊ុន បានបន្ដប្ដេជ្ញាបង្កើនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតនៅឆ្នាំក្រោយៗទៀត ។
ក្នុងឱកាសផ្ដល់អាហារូបរណ៍ដល់សិស្សឆ្នើមនៅវិទ្យាល័យចំនួន២៥០នាក់បន្ថែមទៀត និងអាហារូបករណ៍ចំនួន១០ សម្រាប់និស្សិតសកលវិទ្យាល័យ ដែលធ្លាប់ទទួលបានអាហារូបករណ៍នេះកន្លងមក លោក ប៉ារ៉ាម៉េត និសាកនសិន (Paramate Nisagornsen) អនុប្រធានក្រុមហ៊ុនអេសស៊ីជី ទទួលបន្ទុកអាជីវកម្មក្នុងតំបន់ សម្រាប់អាជីវកម្មស៊ីម៉ង់ត៍-សម្ភារសំណង់របស់អេសស៊ីជី បានថ្លែងថា ការប្រគល់អាហារូបករណ៍នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)នេះ ក្រុមហ៊ុនអេសស៊ីជី ប្ដេជ្ញាចិត្តក្នុងការជួយដល់សិស្ស-និស្សិតកម្ពុជា ដែលមានអត្តចរិតល្អ និងមានការតាំងចិត្តក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
លោក ប៉ារ៉ាម៉េត និសាកនសិន ថ្លែងថា «កម្មវិធី អេសស៊ីជីចែករំលែកក្ដីសុបិន ត្រូវបានផ្ដួចផ្ដើម បង្កើតឡើងចេញពីការប្ដេជ្ញាចិត្ត របស់ក្រុមហ៊ុន ដែលរំពឹងចង់ជួយផ្ដល់អនាគតត្រចះត្រចង់ដល់កម្ពុជា ។កម្មវិធីអាហារូបករណ៍នេះ បានផ្ដល់ទៅឲ្យសិស្សកម្ពុជាអស់រយៈពេលប្រាំឆ្នាំមកហើយចាប់តាំងពីឆ្នាំ២០១៤មក។ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីនេះ សិស្ស-និស្សិតនឹងមានលទ្ធភាពសម្រេចបាននូវក្ដីសុបិនរបស់ខ្លួន ហើយពួកគេនឹងអាចប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ប្រទេស»។
លោកបន្ថែមទៀតថា «ក្នុងរយៈពេលជាច្រើនឆ្នាំមក យើងបានផ្ដល់អាហារូបករណ៍ជាង ១,០០០ទៅហើយសម្រាប់សិស្សវិទ្យាល័យ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពត ដើម្បីជួយគាំទ្របន្ថែមដល់កម្ពុជា។ អេសស៊ីជី បានពង្រីកវិសាលភាពកម្មវិធីរបស់ខ្លួនតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតសកលវិទ្យាល័យចំនួន ១០រូប ដែលធ្លាប់ជាសិស្សទទួលអាហារូបករណ៍កម្មវិធី អេសស៊ីជី ចែករំលែកក្ដីសុបិននេះដែរ ហើយដែលបច្ចុប្បន្ន កំពុងសិក្សាតាមមុខវិជ្ជាជំនាញផ្សេងៗ ។អាហារូបករណ៍ នឹងត្រូវផ្ដល់ទៅឲ្យនិស្សិតទាំងនោះ រហូតដល់ពួកគេបញ្ចប់ការសិក្សា»។
ពិធីប្រគល់អាហារូបករណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ផាន់យ៉ារ៉ាក់ ភូនសាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជាផងដែរ។
លោក ផាន់យ៉ារ៉ាក់ ភូនសាប់ បានថ្លែងថា «ខ្ញុំមានពាក្យផ្ដាំផ្ញើមួយចំនួនដល់សិស្សានុសិស្សនៅពេលនេះ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិននេះ អ្នកទាំងអស់គ្នានឹងអាចសម្រេចនូវក្ដីសុបិនរបស់ខ្លួន និងអភិវឌ្ឍជំនាញ និងចំណេះដឹងឲ្យបានប្រសើរបំផុត។ នេះមិនមែនត្រឹមតែសម្រាប់ខ្លួនអ្នក ឬក្រុមគ្រួសាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើម្បីអនាគតនៃប្រទេសជាទីស្រលាញ់របស់អ្នកផងដែរ»។
យុវសិស្សឆឹម ឌីណា ដែលជាជ័យលាភីអាហារូបករណ៍ អេសស៊ីជី ឆ្នាំ២០១៨ ដែលមានបំណងចង់ក្លាយជាកសិករបែបទំនើប ដែលមានចំណេះដឹង និងប្រើប្រាស់វិធីសាស្ត្រមានប្រសិទ្ធភាព នៅពេលធ្វើកិសកម្ម ហើយក្លាយជាអ្នកនាំផ្លូវក្នុងការជំរុញកសិករផ្សេងទៀត ឲ្យប្រកបរបរកសិកម្ម ផ្អែកលើចំណេះដឹងដែលទទួលបាន។
យុវសិស្សឆឹម ឌីណា បានថ្លែងថា «ថ្ងៃនេះ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលបានទទួលអាហារូបករណ៍ អេសស៊ីជីចែករំលែកក្ដីសុបិន ហើយខ្ញុំជឿជាក់ថា អាហារូបករណ៍នេះ អាចជួយឲ្យខ្ញុំបន្តការសិក្សារបស់ខ្ញុំ និងឈោងចាប់ក្ដីសុបិនរបស់ខ្ញុំទៅថ្ងៃអ «ថ្ងៃនេះ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលបានទទួលអាហារូបករណ៍ អេសស៊ីជីចែករំលែកក្ដីសុបិន ហើយខ្ញុំជឿជាក់ថា អាហារូបករណ៍នេះ អាចជួយឲ្យខ្ញុំបន្តការសិក្សារបស់ខ្ញុំ និងឈោងចាប់ក្ដីសុបិនរបស់ខ្ញុំទៅថ្ងៃអនាគតបាន» នាគតបាន»។
ចំណែកឯកញ្ញា ឈាវ ខេង ជាជ័យលាភី អាហារូបករណ៍ អេសស៊ីជី ឆ្នាំ២០១៨ ហើយជាក្មេងកំព្រាម្ដាយ ដែលបានស្លាប់ដោយជំងឺមហារីក ហើយបច្ចុប្បន្នស្នាក់នៅក្នុងមណ្ឌលរបស់អង្គការ។ កញ្ញាបានថ្លែងថា «ជាមួយនឹងអាហារូបករណ៍នេះ បានធ្វើឲ្យខ្ញុំប្ដេជ្ញាចិត្តចំពោះខ្លួនឯង និងម៉ាក់របស់ខ្ញុំថា ទោះជាមានរឿងអ្វី ឬក៏ទុក្ខលំបាកយ៉ាងណាក៏ខ្ញុំត្រូវតែសម្រេចនូវក្ដីសុបិនមួយនេះ ឲ្យទាន់តែបានក្នុងការក្លាយជាវេជ្ជបណ្ឌិតមួយរូប»។
ក្រៅពីកម្មវិធីអាហារូបករណ៍អេសស៊ីជី ចែករំលែកក្ដីសុបិន ក្រុមហ៊ុនអេសស៊ីជី ក៏អនុវត្តសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនផ្សេងទៀតផងដែរ ដូចជា កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ និងកម្មវិធីហ្វឹកហាត់បាល់ទាត់ ដែលទាំងអស់នេះសុទ្ធតែជាការឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអេសស៊ីជី ដែលមានបំណងចង់ផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ និងលើកកម្ពស់គុណភាពជីវិតរស់នៅក្នុងប្រទេសកម្ពុជា៕