(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានធ្វើពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ដែលមានសិស្សានុសិស្សចូលរួម៣៦២០នាក់ និងលោកគ្រូ អ្នកគ្រូ២៧៦នាក់។
បន្ទាប់ពីអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារួចមក លោកបានអំពាវនាវដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួនផងដែរ។
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចបានមានប្រសាសន៍ថា គឺជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។
ជាមួយគ្នានេះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែ។
លោកអភិបាលខេត្តបានផ្ដាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបចំណេះដឹង ពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រតបត្តិខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើន។
លោកបានបន្តទៀតថា សិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ហើយរដ្ឋបាលខេត្ត នៅតែត្រៀមម៉ូតូ សម្រាប់ផ្ដល់ជារង្វាន់ដល់សិស្សក្នុងឆ្នាំសិក្សាថ្មីនេះ ដែលទទួលបាននិទ្ទេស A នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិស្សា២០១៨-២០១៩ ខាងមុខនេះផងដែរ៕