គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន ផ្តើមបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ
01-11-2018 12:29
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន ទូទំាងប្រទេសដឹកនាំដោយលោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បី បំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមគម្រោង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ដោយឡែក នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទមួយចំនួនរបស់កម្ពុជា។
ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកដល់កម្ពុជានេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចពី លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា, លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕