(កោះកុង)៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងទឹក និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម ក្នុងពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅអនុវិទ្យាល័យអនុវិទ្យាល័យ ហ៊ុន សែន ចាំយាម ដែលមានសិស្សានុសិស្សសរុប១០១០នាក់ និងលោកគ្រូ អ្នកគ្រូ៤៧នាក់ ព្រមទាំងមាតាបិតាសិស្សជាច្រើននាក់ផងដែរ។
នាយឧត្តមនាវី ទៀ វិញ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលថ្មី សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចបានមានប្រសាសន៍ថា គឺជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។
ជាមួយគ្នានេះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែ។
ក្នុងឱកាសនេះដែរ នាយឧត្តមនាវី ទៀ វិញ បានក្រើនរំលឹកដល់សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់សិក្សា ខិតខំក្រេបយកចំណេះវិជ្ជា ពីព្រឹទ្ធាចារ្យហើយត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន។
លោកបានថ្លែងផ្តាំផ្ញើដល់សិស្សានុសិស្ស ឲ្យចូលរួមក្នុងវិស័យអប់រំ ដើម្បីបង្កើនធនធានមនុស្ស ឲ្យមានភាពរីកចម្រើន ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ព្រោះប្អូនៗ ក្មួយៗ គឺជាទំពាងស្នងឫស្សី សម្រាប់អនាគតប្រទេសជាតិ៕