(ភ្នំពេញ)៖ រយៈពេល២ថ្ងៃជាប់គ្នានេះ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៨ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអនុគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា, លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរដោយលោកស្រី លឹម វណ្ណា ជាសប្បុរសជន និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាមានជាថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាមានជំងឺវង្វេង គ្មានទីពឹង និងមានផ្ទុកមេរោគអេដស៍ចំនួន២៤គ្រួសារ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ ក្នុងបំណងចែករំលែកជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
សកម្មភាពមនុស្សធម៌ខាងលើនេះ លោក ជា ពិសី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ មានទុក្ខលំបាក ជាជនងាយរងគ្រោះគ្រប់ប្រភេទ និងបានណែនាំឲ្យថែទាំសុខភាពឲ្យបានល្អ ក្នុងនោះត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់គ្រោះថ្នាក់កើតឡើង ដោយយថាហេតុពីជំងឺដង្កាត់ផ្សេងៗ។
លោក ជា ពិសី បានថ្លែងថា ចំពោះអំណោយសប្បុរសធម៌ ដែលនាំយកមកឧបត្ថម្ភជូនប្រជាពលរដ្ឋនាពេលនេះ គឺអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាការយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។
ក្នុងឱកាសទទួលអំណោយសង្គ្រោះនោះ ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ជា ពិសី ជាមួយមន្ត្រីពាក់ព័ន្ធ នៃអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលបានយកចិត្តទុកដាក់គិតគូរអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលកំពុងជួបបញ្ហាខ្វះខាត ដោយគ្មានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕