(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ ដែលរៀបចំឡើងនៅអនុវិទ្យាល័យថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបចំនួន១,០៣៣នាក់។
ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ហើយជាពិសេស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។
ជាមួយគ្នានេះ លោកអភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសិស្សានុសិស្សចំនួន១,០០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល និងប៊ិច២ដើម៕