(ភ្នំពេញ)៖ ជនសង្ស័យប្រុស-ស្រី៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនភ្លាមៗ បន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព វាយប្លន់ យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ខណៈដែលទៅរកស្រីបំរើផ្លូវ ដែលពពាក់ពពូននៅម្តុំវត្តភ្នំបានសម្រេចហើយ នាំគ្នារត់គេចខ្លួនមិនបានប៉ុន្មានម៉ោងក្រោយ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់គ្នាតែម្តង។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង០៣៖៣០នាទី ទៀបភ្លឺថ្ងៃសុក្រ ៨រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលខាងជើង រមណីយ៍ដ្ឋានវត្តភ្នំ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នោះ ឈ្មោះ សុន ធីវីរ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំភីហ្សា មានទីលំនៅផ្ទះភូមិបុតយា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងទៅរកស្រី្ត ដើម្បីយកទៅបំរើផ្លូវភេទ ហើយក៏បានជួបជនសង្ស័យឈ្មោះ ហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ និងបាននិយាយទំនាក់ទំនង សុំលេខទូរស័ព្ទពីជនសង្ស័យ ភ្លាមនោះជនរងគ្រោះបានហុចទូរស័ព្ទដៃឲ្យកត់លេខ បន្ទាប់មកជនសង្ស័យ បានយកទូរស័ព្ទដៃម៉ាក iPhone 8 ពណ៌ខ្មៅ របស់ជនរងគ្រោះ។
ភ្លាមៗនោះ ជនសង្ស័យ ក៏បានរត់ឡើងម៉ូតូ បក្ខពួកដែលនៅក្បែរនោះ ដើម្បីគេចខ្លួន តែខណៈនោះជនរងគ្រោះ បានដេញដណ្តើមយកទូរស័ព្ទដៃមកវិញ តែត្រូវក្រុមជនសង្ស័យឈ្មោះ ជ័យ សាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រួមជាមួយបក្ខពួក៣នាក់ទៀត បានស្ទុះវាយទៅលើជនរងគ្រោះនាំគ្នាគេចខ្លួន និងយកទូរស័ព្ទដៃរបស់ជនរងគ្រោះបាត់តែម្តង។
សមត្ថកិច្ច បានឲ្យដឹងទៀតថា បន្ទាប់ពីកើតរឿងដូច្នេះហើយ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយ កម្លាំងប៉ុស្តិ៍ និង ខណ្ឌនៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ សហការជាមួយជនរងគ្រោះ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតដល់ព្រលឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទើបឃាត់ខ្លួនជនសង្ស័យបានទាំងអស់ ចំនួន៥នាក់ រួមមាន៖
ទី១៖ ឈ្មោះ ជ័យ សាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទី២៖ ឈ្មោះ ហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ (ស្រ្តីរកស៊ីផ្លូវភេទ) មានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ។
ទី៣៖ ឈ្មោះ ស្លេះ យូសាធ ហៅញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ។
ទី៤៖ ឈ្មោះ មឿន ផាន់នី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ទី៥៖ ឈ្មោះ ប្រុស គីមស្រៀង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ រួមទាំងវត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 8 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ) បានប្រគល់ឲ្យវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនិតិវិធី៕