(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធដាក់តាំងពិព័រណ៌ វិស័យសុខភាពសត្វ និងផលិតកម្មសត្វ ខ្នាតអន្តរជាតិលំដាប់លេខ១នៅកម្ពុជាជាផ្លូវការ ដែលរៀបចំ និងឧបត្ថម្ភដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមហ៊ុន AMB-Tarsus Events Group របស់ម៉ាឡេស៊ី នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។
ពិព័រណ៌នេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន តំណាងក្រុមហ៊ុនជាតិ-អន្តរជាតិ តំណាងជ័យលាភីមក ពីក្រុមហ៊ុនចិញ្ចឹមសត្វ ចំណីសត្វ កែច្នៃសាច់សត្វ និងអង្ករ សហគមន៍កសិកម្ម ភ្ញៀវទេសចរ ពាណិជ្ជករ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និងតំណាងកសិករចិញ្ចឹមសត្វ យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក រីឆាត យាវ អនុប្រធានក្រុមហ៊ុន AMB-Tarsus Events Group ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៌នេះ បានសម្តែងនូវអំណរអរគុណ យ៉ាងអនេកជូនចំពោះថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនជាតិ និងអន្តរជាតិ ស្ថាប័នពាក់ព័ន្ធទាំងអស់ សហគមន៍កសិកម្ម និងបងប្អូនប្រជាកសិករ ជាពិសេសលោករដ្ឋមន្រ្តី វេង សាខុន ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញមកជាអធិបតីក្នុងពិធីនេះ។
លោកបានបញ្ជាក់ថា នេះជាឱកាសសម្រាប់អ្នកជំនាញ ផ្នែកឧស្សាហកម្មចិញ្ចឹមសត្វ ផលិតចំណីសត្វ ក្នុងការធ្វើទំនាក់ទំនង ដកស្រង់បទពិសោធន៍លើការងារបច្ចេកទេស និងឱកាសផ្សេងៗ ដែលទាក់ទងនឹងការ ធ្វើអាជីវកម្មក្នុងកម្ពុជា ជាពិសេសគឺការទាក់ទាញវិនិយោគិន ឲ្យងាកមកចាប់អារម្មណ៍បណ្តាក់ទុក លើវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងនិងក្រៅប្រទេស។
លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្ញើសារជូនដល់អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងក្រុមហ៊ុនជាតិ អន្តរជាតិ តំណាងជ័យលាភីមកពី ក្រុមហ៊ុនចិញ្ចឹមសត្វ ក្រុមហ៊ុនផលិតចំណីសត្វ កែច្នៃសាច់សត្វ និងអង្ករ ពាណិជ្ជករ ម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វ និងតំណាងកសិករចិញ្ចឹមសត្វ ដែលសារទាំងនោះ មានខ្លឹមសារជាបន្តបន្ទាប់ដូចខាងក្រោម៖
ទី១៖ ត្រូវរួមគ្នាជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយថ្លៃដើម និងការនាំចូលវត្ថុធាតុដើមទាំងនោះ។ ទន្ទឹមនឹងនេះ ត្រូវលើកកំពស់សុខុមាលភាពសត្វ ធានាសុខភាពសាធារណៈ តាមរយៈការអនុវត្តផលិតកម្មសត្វល្អ (Good Animal Husbandry Practices, GAHP)។
លោកថា ដូច្នេះត្រូវសហការជាមួយអង្គភាព ដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវធ្វើការសិក្សាឲ្យបានល្អិតល្អន់នូវចំណីសត្វ ថ្នាំព្យាបាល និងថ្នាំការពារ ឬផលិតផលផ្សេងៗដើម្បីធានាប្រសិទ្ធភាព និងកាត់បន្ថយហានីភ័យដល់សុខភាពសត្វ និងមនុស្សឲ្យបាន ជាអប្បបរមា។
ទី២៖ ថ្នាំការពារ និងព្យាបាលសត្វ ចំណីសត្វ ចំណីបន្ថែម សារធាតុផ្សេងៗដែលប្រើក្នុងការផ្សំចំណីសត្វ ត្រូវធ្វើការចុះ បញ្ជីឲ្យបានត្រឹមត្រូវដោយតម្រូវឲ្យមានស្លាកសញ្ញាជាភាសាខ្មែរ របៀបប្រើ ការថែរក្សាទុកដាក់ និងអាយុកាលដើម្បីធានាគុណភាព សុវត្ថិភាពស្របតាមច្បាប់ដែលបានកំណត់។
លោកថា ម្ចាស់អាជីវកម្មទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារនៃអនុក្រឹត្យ សេចក្តីប្រកាស និងសារាចរណ៍ណែនាំដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រយោជន៍ដើម្បីធានា ឲ្យបាននូវក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ដើម្បីផលប្រយោជន៍រួម ធានាបាននូវសុវត្ថិភាព និងសុខភាពសាធារណៈ សុខភាពសត្វ អ្នកប្រើប្រាស់ និងអ្នកចិញ្ចឹមសត្វ ពិសេសប្រជាកសិករផ្ទាស់។
ទី៣៖ ចូលរួមសហការឲ្យបានល្អ ជាមួយអង្គភាពជំនាញនានា ក្នុងការសម្របសម្រួលពាណិជ្ជកម្មកសិកម្ម សត្វ និងផលិតផលសត្វឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ដូចជាការនាំចូល និងនាំចេញកសិផលក្នុងស្រុក ទៅកាន់បណ្តាប្រទេសនានាលើពិភពលោក។
លោកថា ត្រូវជំរុញលើកទឹកចិត្ត ដល់ការបង្កាត់ពូជសត្វ ដើម្បីបង្កើនសក្តានុពល ផលិតកម្មសត្វ និងការប្រកួតប្រជែង កាត់បន្ថយការនាំចូល ព្រមទាំងពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈឯកជន អ្នកចិញ្ចឹមសត្វ និងបង្កើតបរិយាកាសវិនិយោគ លើឧស្សាហកម្មចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងផលិតផលសត្វ ឲ្យបានល្អប្រសើរ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោករដ្ឋមន្រ្តី បានផ្តល់ការជឿទុកចិត្តយ៉ាងមុតមាំថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត ជាមួយវិស័យឯកជនក្នុងការធានាពង្រឹងភាពជាដៃគូ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិ វឌ្ឍន៍និងសហគមន៍» ដើម្បីបង្កើននូវបរិយាកាសអំណោយផល សម្រាប់ការវិនិយោគទុនលើវិស័យផលិតកម្មសត្វ នៅក្នុងកម្ពុជានាពេលអនាគត។
លោករដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថា ការតាំងពិព័រណ៍ក្នុងរយៈពេល៣ថ្ងៃនេះ នឹងទទួលបាននូវផ្លែផ្កា តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗ នឹងមានការវិនិយោគបន្ថែមទៀត លើវិស័យនេះនាពេលអនាគត៕