(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នឹងកោះប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការទប់ស្កាត់ ការនាំចេញដើមកៅស៊ូមូល បូកទាំងដើមស្វាយចន្ទី និងដើមអាកាសស្យាខុសច្បាប់ ទៅកាន់ប្រទេសវៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសនៅតាមច្រកដា និងច្រករបៀងមួយទៀត។
ការកោះប្រជុំជាបន្ទាន់របស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានធ្វើឡើង ដើម្បីឆ្លើយតបនឹងលិខិតសុំអន្ដរាគមន៍ពីសំណាក់ អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងពីផលលំបាក និងការខាតបង់ជាច្រើនដោយសារតែក្រុមឈ្មួញវៀតណាម បានដើរប្រមូលទិញដើមកៅស៊ូមូល ដើមស្វាយចន្ទី និងដើមអាកាសស្យា ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ ដោយមួយថ្ងៃៗចេញរាប់សិបរថយន្ដធុនធំ ដោយមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋនោះទេ។
រដ្ឋមន្ដ្រីកសិកម្ម លោក វេង សាខុន បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា លោកនឹងកោះប្រជុំជាមួយថ្នាក់ដឹកនាំ ទទួលបន្ទុកព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើនៅល្ងាចនេះ ដើម្បីទប់ស្កាត់ការនាំចេញវត្ថុធាតុដើមឈើកៅស៊ូមូល ស្វាយចន្ទី និងអាកាសស្យាខុសច្បាប់ទាំងនេះ ទៅកាន់ប្រទេសវៀតណាម។
ពាក់ព័ន្ធនឹងចំណាត់ការមួយនេះ លោករដ្ឋមន្ដ្រីកសិកម្ម កាលពីដើមខែតុលា ឆ្នាំ២០១៧ ក៏បានជម្រាបជូនទៅអភិបាលខេត្តត្បូងឃ្មុំ សុំអន្ដរាគមន៍បិទការនាំចេញវត្ថុធាតុដើមទាំងនេះផងដែរ ប៉ុន្ដែនៅមិនទាន់មានប្រសិទ្ធភាពនោះឡើយ បើទោះបីលោករដ្ឋមន្ដ្រី ព្រមានចាត់វិធានការយ៉ាងណាក៏ដោយនោះ។
យោងតាមលិខិតសំណូមពររបស់តំណាងរោងចក្រកែច្នៃឈើកៅស៊ូ ដែលដាក់ជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងដោយសុំឲ្យពិនិត្យ និងអន្ដរាគមន៍ បិទការនាំចេញឈើកៅស៊ូមូល ស្វាយចន្ទី អាកាសស្យាមិនទាន់កែច្នៃរបស់ឈ្មួញវៀតណាម ដែលគេចបង់ពន្ធជូនរដ្ឋដោយពួកគេបានចូលមកទិញចំការពីប្រជាជន ហើយជួលឡានដឹកតាមច្រករបៀង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងអណាធិបតេយ្យ ជាពិសេសនៅច្រកដា ដែលធ្វើឲ្យរោងចក្រកែច្នៃឈើក្នុងស្រុក គ្មានឈើចូលរោងចក្រសម្រាប់កែច្នៃ ចំណែកកម្មករ គ្មានការងារធ្វើ និងបាត់បង់ចំណូលពន្ធរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក៏បានដាក់លិខិតសុំអន្ដរាគមន៍មួយផ្សេងទៀត ជូនអភិបាលខេត្តត្បូងឃ្មុំ ដើម្បីមានចំណាត់ការ ប៉ុន្ដែនៅតែមិនទាន់ទទួលបានប្រសិទ្ធភាពនៅឡើយ។
យោងតាមការលើកឡើងរបស់អ្នករកស៊ីក្នុងស្រុកបានបង្ហាញថា ក្រុមឈ្មួញវៀតណាម ដែលសម្រុកដឹកមួយថ្ងៃៗមិនតិចជាង១០០រថយន្ដធុនធំ គឺពួកគេបានរួចផុតពីការបង់ពន្ធជូនរដ្ឋ ដែលធ្វើឲ្យមានការចំណេញយ៉ាងខ្លាំង ខណៈដែលអ្នកដែលរកស៊ីសុំច្បាប់ត្រឹមត្រូវ ត្រូវបង់ពន្ធជូនរដ្ឋអស់ជាច្រើន ដែលគ្មានលទ្ធភាពទៅប្រកួតប្រជែង ជាមួយក្រុមឈ្មួញវៀតណាមទាំងនោះ៕