(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានត្រួតពិនិត្យជនជាតិវៀតណាម ចំនួន៩០នាក់ ស្រី៦០នាក់ ក្នុងនោះមានជនជាតិវៀតណាម ចំនួន៨១នាក់ ស្រី៥៤នាក់ ជាអន្តោប្រវេសន្តស្របច្បាប់។ ដោយឡែក ចំពោះជនជាតិវៀតណាម ចំនួន០៩នាក់ ស្រី០៦នាក់ លួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដោយខុសច្បាប់។
បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការចម្រុះបានបញ្ជូនជានជាតិវៀតណាម ចំនួន០៩នាក់ ស្រី០៦នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕