(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយមន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើននាក់ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៨-២០១៩ និងផ្តល់ជូននូវម៉ូតូ ជូនសិស្សពូកែចំនួន៦នាក់ ប្រលងជាប់ទិន្ទេស A ម្នាក់១គ្រឿង តាមការសន្យា។
ថ្លែងក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានសម្ដែងនូវការចូលរួមអបអរសាទរ ជាមួយលទ្ធផលការបង្រៀន និងការសិក្សារបស់លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាថ្នាក់ដឹកនាំសាលា និងឪពុកម្ដាយអាណាព្យាបាលសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែក ក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឆាប់រហ័ស និងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាអាទិភាពក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង គឺផ្លូវ ភ្លើង ទឹក និងមនុស្ស។
លោក ហែម ដារិទ្ធិ ក៏បានសម្ដែងនូវមោទនៈភាពជាមួយលទ្ធផល គួរឲ្យសរសើររបស់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត ដែលបានរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា ស្របទៅតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែលើកឡើងជារឿយៗថា ការអភិវឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើន ទៅបានចាំបាច់ត្រូវមានការចូលរួមពីវិស័យឯកជន។
លោកអភិបាលខណ្ឌរូបនេះ ក៏បានបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថាគុណភាពអប់រំ គ្រប់កម្រិតមានការកើនឡើង និងការប្រកួតប្រជែងយ៉ាងខ្លាំង ហើយរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត ដល់សិស្សពូកែ និងមានការប្រឡងដោយយុត្តិធម៌ ពោលអ្នកចេះគឺជាប់។
លោក ហែម ដារិទ្ធិ បានផ្ដាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រជៀសវាង ការប្រព្រឹត្តនូវទង្វើខុសច្បាប់ និងអ្វីមិនល្អដល់សង្គមជាតិ និងខ្លួនឯង ដើម្បីសម្រេចទិសដៅអនាគត និងដើម្បីក្លាយជាធនធានដ៏មានតម្លៃសម្រាប់គ្រួសារ សង្គម និងប្រទេសជាតិនាពេលអនាគត៕