(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវ​សិស្សានុសិស្ស​​ចូលរួម និងគាំទ្រទាំងអស់គ្នា​ ក្នុងការបង្ការ ​និងទប់ស្កាត់ បញ្ហាដែលមានការពាក់ព័ន្ធ​គ្រឿងញៀន​ ព្រោះការប្រើប្រាស់ ឬការពាក់ព័ន្ធនឹងគ្រឿងញៀន មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវភាព និងសុវត្ថិភាពរបស់បុគ្គលប៉ុណ្ណោះទេ តែវានឹងប៉ះពាល់​ដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ។

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជា​តំណាងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតី​បើកបវេសនកាលឆ្នាំសិក្សាថ្មី ​នៅវិទ្យាល័យឥន្រ្ទទេវី​ ​ដោយមានការអញ្ជើញចូលរួមពី​លោក​ លោកស្រី​ មាតាបិតាសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ គណគ្រប់គ្រង​សាលា​ សិស្សនុសិស្ស​ សរុប៥០០នាក់​។

ក្នុងឱកាសនោះ លោក​ នាក់​ សុទ្ធា​ នាយកតំណាងគណគ្រប់គ្រងសាលា​ បានថ្លែងស្វាគមន៍​ អរគុណដល់គណអធិបតី​ ភ្ញៀវកិត្តិយស និងរបាយការណ៍ពីវឌ្ឍនភាព ការរីកចម្រើន របស់សាលាទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ កីឡា​ និងបរិស្ថានស្អាត​ សំដៅបម្រើដល់ការរីកចម្រើនផ្នែកបញ្ញា​ សុខភាព​ ដល់សិស្សានុសិស្ស។

លោក​ ប៉ាង​ លីដា​ តំណាង​គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌទួលគោក​ ក៏បានអាននូវសាររបស់សម្តេចតេជោ​ ហ៊ុ​ន​ សែន​ នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួង​ ស្ថាប័ន​ អង្គការជាតិ​ អន្តរជាតិ​ ដៃគូអភិវឌ្ឍ​ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សប្បុរសជននានា​ ព្រះសង្ឃ​ ចាស់ព្រឹទ្ធាចារ្យ​ បុព្វជិតសាសនា​ ដែលបាននឹងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការងារអប់រំ​ និងបានផ្តាំផ្ញើដល់សិស្សានុសិស្ស​ យុវជន​ យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមគ្រប់សកម្មភាពសង្គមនានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍ​សាលារៀន ​និងសង្គមជាតិ ហើយត្រូវចងចាំថា បើស្រឡាញ់ខ្លួនយើង​ ឪពុកម្តាយ​ ស្រឡាញ់អនាគតរុងរឿងក្មួយៗ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន​ អំពើអបាយមុខផ្សេងៗនិងអំពើអសកម្មនានា។

ក្នុងនាមឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន,​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ បានថ្លែងការកោតសសើរដល់ការរីកចម្រើនរបស់សាលា សំដៅប្រសិទ្ធភាពគុណភាព សិក្សារបស់សិស្ស និងបានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយក្រៃលែង ជាមួយ​លោក លោកស្រី លោកគ្រូអ្នកគ្រូ និងក្មួយៗជាសិស្សានុសិស្សទាំងអស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា​២០១៨​-​២០១៩​។

ក្រៅពីការអំពាវនាវ និងណែនាំអំពីបញ្ហាគ្រឿងញៀនហើយនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានគូសបញ្ជាក់ថា អំពី​ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញឿន ដែលមិនលើកលែង​ដល់ជនទាំងឡាយណា ដែលមានការពាក់ព័ន្ធ​គ្រឿងញៀន គឺត្រូវផ្តន្ទាទោសទាំងអស់ ហើយក្នុងករណីធ្ងន់ធ្ងរ គឺត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត និងអាចរឹបអូសរាល់ទ្រព្យសម្បត្តិ ដែលមានការពាក់ព័ន្ធ​បទល្មើសនេះផងដែរ​។ ហេតុនេះ សូមក្មួយៗ ស្វែងយល់ឲ្យបានច្បាស់ និងសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យវាចូលមកក្នុងជិវិត និងបំផ្លាញអនាគតដ៏ស្រស់ថ្លារបស់ក្មួយៗ។

ក្នុងឱកាសនោះ​​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ បាននាំយកអំណោយរបស់​​ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ​ ឧបត្ថម្ភជូន​គ្រូចូលនិវត្តន៍ ៤៤នាក់ ក្នុងម្នាក់​ទទួលបាន សារុង១ និងថវិកា៥ម៉ឺនរៀល, សិស្សនិទ្ទេស A ម្នាក់​ទទួលបាន​៥០ម៉ឺនរៀល, យុវជនកាយរិទ្ធ១លានរៀល, យុវជនកាកបាទក្រហម​ ថវិកា១លានរៀល, វិទ្យាល័យឥន្ទ្រទេវី ថវិកា២លានរៀល, សិស្សពូកែចំនួន១៨៦នាក់ ក្នុងម្នាក់​ទទួលបានសៀវភៅសរសេរ​៥ក្បាល និងប៊ិច២ដើម និងថវិកា​២ម៉ឺនរៀល, សិស្សជួបការលំបាកផ្នែកជីវភាព ចំនួន​២១នាក់ ក្នុងម្នាក់​ទទួលបានកាបូប​១ និងសម្ភារសិក្សា​ និងកសាងតារាងបាល់បោះ​ ថវិកា៨,០០០ដុល្លារ៕