(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងាររៀបចំសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា ទាំងបីខេត្តនេះ នឹងរៀបចំសន្និបាតរួមគ្នាប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី០៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ នៅសណ្ឋាគារហួង សាន ទល់មុខស្ថានទូតអូស្រ្តាលី រាជធានីភ្នំពេញ។
សេចក្តីប្រកាសបានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើក។ ចំណែព្រឹកថ្ងៃទី០៤ វិច្ឆិកា លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទ។
សន្និបាតនេះ រៀបចំក្នុងគោលបំណងសំខាន់៣ រួមមាន ទី១៖ដើម្បីបូកសរុបវាយតម្លៃការងារប្រចាំឆ្នាំ២០១៨ ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងលើកទិសដៅ បន្តអនុវត្តក្នុងឆ្នាំ២០១៩ខាងមុខ, ទី២៖ដើម្បីបង្កើនទំនាក់ទំនងរវាងសហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្ត និងទី៣៖ដើម្បីផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា ឆ្ពោះទៅសម្រេចគោលដៅបម្រើប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិ ស្របតាមពាក្យស្លោកថា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។
សន្និបាតនេះ មានការអញ្ជើញចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្ត និងភ្ញៀវកិត្តិយសនានា ជាង២៥០នាក់ ហើយនេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១ បានរៀបចំនៅខេត្តព្រះសីហនុ ដើមខែធ្នូ ឆ្នាំ២០១៧៕