(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានជម្រុញឱ្យមន្ទីរ អង្គភាពក្នុងខេត្ត ពិសេសកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវបន្តរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ទាំងក្នុងឱកាសបុណ្យជាតិ និងអន្តរជាតិ និងពន្លឿនរៀបចំទូក-ងខ្នាតអន្តរជាតិ តាមអង្គភាពនីមួយៗ ដើម្បីត្រៀមប្រណាំងសាកល្បង នៅថ្ងៃទី០៥ ខែវិច្ឆិកា ដែលការប្រណាំងជាផ្លូវការ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ហើយសង្ឃឹមថា ប្រជាពលរដ្ឋ នឹងអញ្ជើញមកទស្សនាយ៉ាងហោចណាស់ ក៏ជិតមួយម៉ឺននាក់ផងដែរ។

លោក ម៉ៅ ធនិន បានជំរុញបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលស្រុកក្រុង, និងអធិការគ្រប់ស្រុកក្រុង ក្នុងជួរសមាសភាពគណៈបញ្ជាការឯកភាពខេត្ត។

លោក ម៉ៅ ធនិន បានថ្លែងថា ឆ្នាំនេះរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូក-ងខ្នាតអន្តជាតិ មិនតិចជាង១០គូទេ និងនៅមានទូកមកពីខេត្តផ្សេងៗទៀត មកចូលរួមប្រកួតជាមួយដែរ។ លោកសង្ឃឹមថា នៅថ្ងៃប្រកួត ទី១៩ ដល់២០ ខែវិច្ឆិកានេះ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត នឹងអញ្ជើញមកចូលរួមទស្សនាយ៉ាងហោចណាស់ ជិតមួយម៉ឺននាក់ ជាក់ជាមិនខានឡើយ។

ការអះអាងបែបនេះ ដោយយល់ឃើញថា រដ្ឋបាលខេត្តរៀបចំឲ្យប្លែកត្រង់ថា កីឡាករទាំងអស់ មានសំលៀកបំពាក់ឯកសណ្ឋានបុរាណ នៅតាមដងផ្លូវមាត់ស្ទឹង មានស្តង់ពិព័ណផលិតផលរបស់ប្រជាកសិករនៅក្នុងខេត្ត ក្រៅពីនោះ ក៏នៅមានផលិតផលផ្សេងៗជាច្រើនទៀត។ ការរៀបចំប្រណាំងទូក-ង ក្នុងរយៈពេល២ថ្ងៃនេះ គឺជាផ្នែកមួយបង្កនូវភាពសប្បាយរីករាយ និងទទួលបាននូវផលចំណេញ ដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសចំពោះម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីដ្ឋាន អ្នករត់តាក់ស៉ី អ្នករត់ម៉ូតូឌុប និងអ្នកលក់ដូរជាដើម។

លោកបានថ្លែងបន្ថែមទៀតថា ដើម្បីឲ្យកិច្ចដំណើរការនេះមានភាពរលូនជោគជ័យ និងទទួលយកបានទាំងអស់គ្នានោះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចបង្កើតប្រធាន និងអនុប្រធានគណៈកម្មការឡើង ងាយស្រួលលើការងារគ្រប់គ្រង ដឹកនាំ ដែលមានរូបលោកជាប្រធាន ហើយមានសមាជិក៥៦នាក់ និងមាន៧អនុគណៈកម្មការ។

សមាសភាពគណៈកម្មការនោះរួមមាន៖ អនុគណៈកម្មការរៀបចំទីកន្លែងគោរពពិធី ចំនួន១២រូប ដឹកនាំដោយលោក ចេង ឡៃ,  អនុគណៈកម្មការបច្ចេកទេសអុំទូក ចំនួន៩រូប ដឹកនាំដោយលោក អ៊ឹង គឺមលាង, អនុគណៈកម្មការ ទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន១១រូប ដឹកនាំដោយលោក គិត សុផា, អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ចំនួន១៣រូប ដឹកនាំដោយលោក ខូយ រីដា, អនុគណៈកម្មការរៀបចំពាន់រង្វាន់ជ័យលាភី ចំនួន៧រូបដឹកនាំដោយលោកស្រី ម៉ែន ផល្លី, អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន ចំនួន១៤រូប ដឹកនាំដោយលោក សាយ សុជាតិ ដែលជាអភិបាលរងខេត្ត, និងអនុគណៈកម្មការធ្វើអត្ថាធិប្បាយ ចំនួន១១រូប ដឹកនាំដោយលោក ម៉ក់ រ៉ា ដែលជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

បើតាមលោក ម៉ៅ​​ ធនិន, ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការទាំងអស់ ត្រូវអនុវត្តទៅតាមតួនាទីភារកិច្ច ទៅតាមសេចក្តីសម្រេចរៀងខ្លួន ជាពិសេសលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ មុនពេលនិងក្រោយបញ្ចប់កម្មវិធី ជាប្រយោជន៍មុខមាត់កិត្តិយស របស់ខេត្តពោធិ៍សាត់ទាំងមូល៕