(ភ្នំពេញ)៖ ក្រៅពីជួបឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះដែរ លោកស្រី Rhona Smith (រ៉ូណា ស្មីត) អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានជួប លោកបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ តំណាងលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការផងដែរ។
បេសកកម្មរបស់លោកស្រី Rhona Smith មកក្រសួងផែនការ គឺផ្តោតសំខាន់លើប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាព(SDGs) និងបញ្ហាសិទ្ធិមនុស្សផ្សេងៗ» ក្នុងគោលបំណងដើម្បីប្រមូលព័ត៌មាន និងចងក្រងរបាយការណ៍ដាក់ជូនក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ក្នុងជំនួបនេះ តំណាងក្រសួងផែនការបានទទួលជួបពិភាក្សារួមមាន៖ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ, លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការដែលទទួលបន្ទុកការងារពាក់ព័ន្ធមួយចំនួនផងដែរ។
សូមជម្រាបថា លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១១ថ្ងៃនេះ អ្នកជំនាញរូបនេះគ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។
អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍ បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩។
ទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក៏ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ផងដែរ៕