(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងទ័ពកម្ពុជា និងកងទ័ពវៀតណាម នៅតែបន្តសហការគ្នាបានយ៉ាងល្អ ដោយឈរលើគោលការណ៍ ដែលបានចុះពិធីសារជាមួយគ្នាកន្លងមក ក្នុងនោះមានការល្បាតរួមគ្នាទាំងលើដែនគោក និងដែនទឹក ដើម្បីរួមគ្នាបង្រាបបទល្មើស ឆ្លងដែនផ្សេងៗដូចជា៖ ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ជួញដូរអាវុធជាដើម។
ការលើកឡើងរបស់ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តជួបសំណេះសំណាលជាមួយ លោក ង្វៀន ស៊ុន ហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន ឡិច រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការ K-2000 បន្ទប់ប្រជុំអន្តរជាតិ ក្នុងទីក្រុងហាណូយ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ដោយមេត្រីភាព ដែលប្រទេសជាតិយើងទាំងពីរ កម្ពុជា-វៀតណាម ធ្លាប់មានជាប្រពៃណីដ៏យូរលង់ណាស់មកហើយ ឱ្យកាន់តែ ស្អិតរមួតថែមទៀត។ ដំណើរបំពេញទស្សនកិច្ចនាពេលនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រឹតចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនយើងទាំងពីរ វៀតណាម-កម្ពុជា អោយកាន់តែប្រសើរឡើងថែមទៀត។
នាយឧត្តមសេនីយ៍ ក៏បានចូលរួមរំលែកទុកនូវមរណភាពលោក ត្រាន់ដាយ ក្វាង ប្រធានរដ្ឋវៀតណាម ដែលទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុក មរណភាពរបស់លោក ត្រាន់ ដាយក្វាង នេះគឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងបានជម្រាបជូនភាគីមិត្តបន្តអំពីស្ថានការណ៍នយោបាយ និងសន្តិសុខនៅក្រោយការបោះឆ្នោត នៅកម្ពុជា មានភាពល្អប្រសើរ ហើយនាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានជោគជ័យបន្ថែមទៀត នៅលើឆាកអន្តរជាតិ ទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងថា ប្រទេសកម្ពុជា-វៀតណាម មានប្រវត្តិទំនាក់ទំនងគ្នា ទៅវិញទៅមក ជាយូរលង់ណាស់មកហើយ ក្នុងដំណាក់កាលកម្ពុជាតស៊ូរំដោះជាតិឱ្យរួចផុតពីរបបប៉ុលពត កងទ័ពស្មគ្រ័ចិត្ត និងប្រជាជន វៀតណាម បានចូលរួមជួយវាយផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ ដោយបានរំដោះនៅ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ហើយជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ននេះ កងទ័ពប្រជាជនវៀតណាម នូវតែបន្តជួយឧបត្ថម្ភ ដល់ការក៏សាងកងយោធពលខេមរភូមិន្ទ អោយកាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋា រចនាសម្ព័ន្ធនានាទៅតាមលទ្ធភាព ទាំងនេះហើយធ្វើឱ្យកងទ័ព និងប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន។
ឆ្លើយតបនឹងការលើកឡើងនេះ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់យ៉ាង បានធ្វើការអបអរសាទរដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានរាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា ផ្តល់ទំនុកចិត្ត និងផ្តល់នូវតម្លៃ អំពីសមត្ថភាពតែងតាំងជាអគ្គមេបញ្ជា នៃកងយោធពលខេមរភូមិន្ទ។ ប្រធានអគ្គសេនាធិការនៃកងទ័ព ប្រជាជនវៀតណាម បានបានកោតសសើរដល់ប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយទទួលបានជោគជ័យក្នុង ការបោះឆ្នោតនាពេលកន្លងថ្មីៗ ដោយមានប្រជាពលរដ្ឋពេញចិត្ត បោះឆ្នោតជូនគណបក្សប្រជាជន រហូតឈ្នះកៅអីទាំងអស់នៅក្នុងរដ្ឋសភាពកម្ពុជា ដោយរក្សាបានស្ថិរភាពទូទាំងប្រទេស ដោយបំផ្លាញចោលទាំងស្រុងនូវមហិច្ឆិតា ចង់ផ្តួលរំលំរដ្ឋាភិ បាលស្របច្បាប់របស់កម្ពុជា។
ឧត្តមសេនីយ៍ឯកបម្រុង បានបន្តថា សិក្ខាកាមកងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅវៀតណាមឃើញ ថាមានការប្រែប្រួលច្រើន ដែលសិក្ខាកាមនីមួយៗ ខិតខំរៀតសូត្រយ៉ាងខ្លាង ហើយពិនិត្យឃើញថាគុណបានកាន់តែល្អប្រសើរ។ ឧត្តមសេនីយ៍ឯកបម្រុង ក៏បានជំរុញឱ្យកងទ័ពទាំងពីរ ជាពិសេសនាយទាហានវ័យក្មេង បន្តធ្វើទស្សកិច្ចផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក ដើម្បីបង្កើនការជឿ ទុកចិត្តគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត។
នៅក្នុងជំនួបជាមួយ រដ្ឋមន្រី្តក្រសួងការពារប្រទេសវៀតណាមវិញ, លោកនាយឧត្តមសេនីយ៍ ង៉ូ ស៊ុន ឡិច បានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ក្នុងការចូលរួមផ្តួលរំលំ និងទប់ស្កាត់ការវិលត្រលប់ នារបបខ្មែរក្រហម ក្នុងទស្សវត្តទី៨០។
ដោយឡែក ក្នុងជំនួបជាមួយលោក ង្វៀន ស៊ុន ហ៊្វុក នាយករដ្ឋមន្រ្តី បានស្នើលើកឡើងនូវបីចំណុច ក្នុងនោះជំរុញឱ្យ ការបោះបង្គោលព្រំដែនវៀតណាម-កម្ពុជា ឱ្យបានចប់សព្វគ្រប់ឱ្យបានកាន់តែឆាប់ កាន់តែល្អ ស្នើឱ្យមានកិច្ចសហប្រតិបត្តិការខ្លាំងក្លាបន្ថែមទៀត ក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុជួយរំដោះជាតិនៅកម្ពុជាជាដើម៕