(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ពិនិត្យលើលក្ខណៈសម្បត្តិរបស់ទណ្ឌិតចំនួន៥២៣នាក់ ក្នុងនោះមានស្រី៣៧នាក់ ដែលស្នើចេញដោយពន្ធនាគារទូទាំងប្រទេស ដើម្បីរៀបចំសើ្នការបន្ធូរបន្ថយ និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅក្រសួងយុត្តិធម៌ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ដែលដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដោយមានការចូលរួមដោយ លោកប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ងាអមសាលាឧទ្ទរ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា អ្នកទោសដែលបានស្នើឲ្យពិនិត្យ និងពិចារណារនេះ មានចំនួន៥២៣នាក់ ក្នុងនោះស្រី៣៧នាក់ ដែលស្នើមកពីពន្ធនាគារចំនួន២៤រាជធានីខេត្តក្រុង និងមណ្ឌលអប់រំកែប្រែទាំង៤ផងដែរ។
លោក សុច សុផាន់ណារ៉ា បានថ្លែងយ៉ាងដូច្នេះថា «កិច្ចប្រជុំថ្ងៃនេះគឺជាការពិនិត្យទៅលើការស្នើសុំបន្ធូរបន្ថយទោស ទាក់ទងទៅនឹងពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែនេះឯង ដែលយើងទទួលយកមកពិនិត្យនេះ គឺទទួលបានពន្ធធនាគាររាជធានីខេត្តក្រុងចំនួន២៤ ហើយនិង "មទាំង៤" ដែលយើងហៅថាមណ្ឌលអប់រំកែប្រែទាំង៤ ហើយចំពោះការស្នើសុំនេះផងដែរ យើងឃើញថាទណ្ឌិតទូទាំងប្រទេសដែលស្នើសុំ ២៤រាជធានីខេត្ត នៃមទាំង៤ មានចំនួន៥២៣នាក់ ក្នុងនោះមានស្រី៣៧នាក់ផងដែរ»។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងបានធ្វើការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣លើក ក្នុង១ឆ្នាំៗ ក្នុងនោះរួមមាន នៅក្នុងពិធីបុណ្យចូលឆ្នាំ បុណ្យពិសាខបូជា និងបុណ្យអុំទូក។ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី៕