(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ បានបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីតួនាទីភារកិច្ចនៃគណៈកម្មការនាយកហិរញ្ញប្បទានសុខាភិបាល នៃប្រព័ន្ធមូលនិធិសមធម៌សម្រាប់អ្នកជំងឺក្រីក្រ ដើម្បីដាក់គោលការណ៍ណែនាំ អនុវត្ដមូលនិធិសមធម៌នេះ ផ្ដល់ជូនដល់អ្នកជំងឺក្រីក្រនៅតាមមូលដ្ឋាន ប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងគណនេយ្យភាពក្រសួងសុខាភិបាល។
កម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី លោកសាស្ដ្រចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល អាជ្ញាធរ ពិសេសតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្រុក/ខណ្ឌ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងប្រធានការិយាល័យស្រុកប្រតិបត្តិ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា រួមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។
លោកសាស្ដ្រចារ្យ អេង ហួត បានថ្លែងថា «មូលនិធិសមធម៌សុខភាពជាយន្តការ ប្រមូលផ្តុំហានិភ័យហិរញ្ញវត្ថុ ទ្រង់ទ្រាយធំតែមួយគត់ ដែលបង្ហាញពីប្រសិទ្ធភាព នៃការវិនិយោគធនធានហិរញ្ញវត្ថុរបស់រដ្ឋ ក្នុងការលើកស្ទួយសុខភាពប្រជាពលរដ្ឋក្រីក្រ។ កាត់បន្ថយចំណាយប្រាក់ហោប៉ៅលើការថែទាំសុខភាព និងបង្កើនការផ្តល់ការគាំពារហិរញ្ញវត្ថុ អាចជួយប្រជាពលរដ្ឋឲ្យចាកផុតពីគ្រោះភ័យ នៃចំណាយលើសុខភាព និងបង្ការការធ្លាក់ចូលទៅក្នុងភាពក្រីក្រ»។
លោកសាស្ដ្រាចារ្យបន្ដថា «ការពង្រឹងតួនាទីគណៈកម្មការដឹកនាំហិរញ្ញប្បទានថ្នាក់ជាតិ រាជធានី-ខេត្ត និងស្រុកប្រតិបត្តិ ដែលការងារនេះ ទាមទាឲ្យមានការប្តេជ្ញាចិត្ត និងគាំទ្រយ៉ាងខ្ពស់ ពីភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធររាជធានី-ខេត្ត ស្រុក/ខណ្ឌ និងមន្រ្តីសុខាភិបាលគ្រប់ថ្នាក់»។
ដើម្បីឲ្យការអនុវត្តមូលនិធិសមធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានភាពទទួលខុសត្រូវ ការបង្កើតឲ្យមានគណៈកម្មការដឹកនាំ/នាយកហិរញ្ញប្បទាន មន្ទីរពេទ្យជាតិ-ខេត្ត ស្រុក គឺជាការងារចាំបាច់ សំខាន់មិនមែនគ្រាន់តែមានជាគណៈកម្មការប៉ុណ្ណោះទេ តែត្រូវឲ្យគណៈកម្មការមានដំណើរការ ប្រធាន និងសមាជិកយល់ច្បាស់អំពីតួនាទី រួមទាំងមុខងាររបស់ខ្លួន ។ពិសេសប្រតិបត្តិឲ្យបានទៀងទាត់ ក្នុងការដោះស្រាយនូវរាល់បញ្ហា គឺសំដៅធ្វើយ៉ាងណា ឲ្យភាគីអ្នកទទួលសេវាសុខភាព អ្នកជំងឺពេញចិត្ត និងអ្នកផ្តល់សេវាពេទ្យសប្បាយចិត្ត។
លោករដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា «ពាក់ព័ន្ធនឹងការងារគណៈកម្មការដឹកនាំហិរញ្ញប្បទាននេះដែរ ខ្ញុំយល់ថា ដើម្បីឲ្យគណៈកម្មការនេះដំណើរការប្រកបដោយប្រសិទ្ធភាព គួរអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្រុក ខណ្ឌ ឬតំណាងជាប្រធានគណៈកម្មការតែម្តង ហើយប្រធានមន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិជាអនុប្រធានអចិន្រ្តៃយ៍ ដែលបំពេញមុខងារជាសេនាធិការសំខាន់ ក្នុងការគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាលរាល់កិច្ចដំណើរការ តាមគោលការណ៍ណែនាំសម្រាប់អនុវត្តមូលនិធិសមធម៌។
តាមរយៈសិក្ខាសាលានេះ ខ្ញុំសូមលើកទឹកចិត្តឲ្យមានកិច្ចពិភាក្សា ក្នុងស្មារតីទទួលខុសត្រូវ និងគណនេយ្យភាពអំពីថ្នាក់ដឹកនាំ សមាសភាព តួនាទី និងភារកិច្ចរបស់គណៈកម្មកានេះ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ពិសេសការផ្តល់សេវាសុខាភិបាល»។
ទន្ទឹមនឹងនោះ លោកស្រី វេជ្ជបណ្ឌិត កើត ពេជ្រចិន្តា នាយកទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល បានថ្លែងថា ដោយសារតែកន្លងមក ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល បានចុះតាមមូលដ្ឋានសុខាភិបាល បានពិនិត្យឃើញថា នៅតាមខេត្ត និងស្រុកនីមួយៗ គណៈកម្មការនាយកហិរញ្ញប្បទានខ្លះ នៅមិនទាន់មានដំណើរការ និងខេត្តខ្លះទៀត មិនទាន់មានគណៈកម្មការនៅឡើយ។ ដូច្នេះសិក្ខាសាលាថ្ងៃនេះ គឺរៀបចំឡើង ដើម្បីផ្សព្វផ្សាយអំពីការកំណត់តួនាទីភារៈកិច្ច នៃគណៈកម្មការនាយកហិរញ្ញប្បទានសុខាភិបាល សម្រាប់អ្នកជំងឺក្រីក្រនៅតាមមូលដ្ឋាន សិក្ខាសាលនេះរៀបចំដោយទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល និងក្រោមការឧបត្តម្ភថវិការដ្ឋ និងថវិកាមួយភាគទៀតបានមកពីអង្គការ យូ អរ ស៊ី យូ អេស អាយ ឌី ។
លោកស្រីវេជ្ជបណ្ឌិត បានសង្ឃឹមថានឹងអាចជួយពង្រឹងបាននូវការងារមួយផ្នែក លើការងារអភិបាលរកិច្ច និងជួយជំរុញឲ្យប្រជាជានយល់ដឹង អំពីអត្ថប្រយោជន៍នៃការមកទទួលសេវាសុខាភាព ដោយប្រើប្រាស់បណ្ណ័សមធម៌ បង្កើនការប្រើប្រាស់សេវាតាមរយៈការពង្រឹងតួនាទី និងមុខងាររបស់គណៈកម្មការនាយកហិរញ្ញប្បទាន មន្ទីរពេទ្យជាតិ ខេត្ត ស្រុក លើការងារអនុវត្តមូលនិសមធម៌ សុខាភិបាល។
សូមជម្រាបថា ក្នុងរយៈពេលប្រាំបួនខែ កន្លងទៅនេះ ទីភ្នាក់បានបញ្ជាក់ចំណាយសេវា សុខាភិបាលជូន អ្នកក្រីក្រ និងអ្នកប្រើប្រាស់សេវាចំនួន ២,១១៩,០២៧ករណី ក្នុងនោះរួមមានសេវាពិនិត្យជំងឺក្រៅ ១,៩៦៥,៤៦៥ករណី សេវាសម្រាកពេទ្យ ១៣០,៥០៩ករណី ស្ត្រីមកសម្រាលកូន២៣,០៥៣ករណី មានទឹកប្រាក់សរុបចំនួន ៩,៥៣៩,៨៦៧ដុល្លារ និងទទួលបានសំណើសុំទូទាត់ ពីមូលដ្ឋានសុខាភិបាល មន្ទីរពេទ្យជាតិចំនួន០៦ មន្ទីរសុខាភិបាល២៥ ចំពោះអត្ថគាហកៈកម្មករ និយោជិតក្រៅប្រព័ន្ធ ដែលមានទឹកប្រាក់ផ្តល់ជូនសរុប ៦៣៣,៦៥៧,០០០រៀលគត់ (ប្រាំមួយរយសាមសិបបីប៊ីលាន ប្រាំមួយរយហាសិបប្រាំពីរពាន់ រៀលគត់) សម្រាប់ អ្នកកាន់បណ្ណ័ពណ៌លឿង ចំនួន១,៩៨៩ និងបណ្ណ័ពណ៌ស្វាយ ១៣,០៦៥ ដែលចេញដោយ ប.ស.ស និងអត្ថគាហៈខ្លះទៀត មានតែអត្តសញ្ញាណបណ្ណ័ និងលិខិតបញ្ជាក់ ៕