(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែពិនិត្យក្នុងការដាក់បញ្ចូល ពិធីបុណ្យធំៗ៣បន្ថែមទៀត ក្នុងការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំ ពិនិត្យលើសំណើសុំបន្ធូរបន្ថយ និងលើកលែងទោស ចំនូន៥២៣នាក់ សម្រាប់បុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ លើកលែងទោស និងបន្ធូរបន្ថយទោស នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។
លោក សុច សុផាន់ណារ៉ា បានបញ្ជាក់ថា «ឆ្នាំនេះ គឺឆ្នាំមួយដែលវិសេសវិសាលណាស់ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្នើឲ្យក្រសួងយុត្ដិធម៌ ពិនិត្យទៅលើពិធីបុណ្យ៣បន្ថែមទៀត»។
ពិធីបុណ្យចំនួន៣ ដែលរាជរដ្ឋាភិបាលកំពុងពិនិត្យនោះ រួមមាន ទី១៖ បុណ្យភ្ជុំបិណ្ឌ (បានពិនិត្យ នឹងសម្រេចរួចរាល់), ទី២៖ បូណ្យឯករាជ្យជាតិ (ដោយសារតែបុណ្យឯករាជ្យជាតិ ជាន់នឹងបុណ្យអ៊ុទូក ក្រសួងយុត្ដិធម៌ ក៏បញ្ចូលគ្នា), និងទី៣៖ ២៩ ខែធ្នូ ដែលហៅថា ទិវាឈ្នះឈ្នះ។ លោកបន្ដទៀតថា ចំពោះបុណ្យ៣បន្ថែមទៀតនេះ គឺឈរលើគោលការណ៍មនុស្សធម៌។
លោកបានបញ្ជាក់ថា បុណ្យទាំង៣នេះ គឺពិនិត្យទៅលើទណ្ឌិតណា មានអាយុចាស់ជរា (អាយុ៦៥ឆ្នាំឡើងទៅ), ទណ្ឌិតមានជំងឺធ្ងន់ធ្ងរនៅពន្ធធនាគារ, ទណ្ឌិតស្ដ្រី ដែលមានកូននៅជាមួយម្ដាយ និងពិនិត្យតាមគោលការច្បាប់ ២ភាគ៣ (ពិនិត្យទៅលើគោលការណ៍លើកលែងទោស)។
លោក សុច សុផាន់ណារ៉ា បានបន្ថែមទៀតថា ចំពោះការស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស គឺត្រូវអនុវត្តតាមក្រឹត្យច្បាប់លេខ២៨ និងច្បាប់ស្តីពីពន្ធនាគារ ចំពោះទណ្ឌិតទាំងឡាយណា ដែលអនុវត្តទោសបាន១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារ អាចស្នើសុំបន្ធូរបន្ថយទោស និងអនុវត្តទោសបាន២/៣ (ពីរភាគបី) អាចស្នើសុំលើកលែងទោសបាន។
លោកបានបន្តថា ប៉ុន្តែមិនមែនគ្រប់ទណ្ឌិត ដែលអនុវត្តមានលក្ខខណ្ឌខាងលើ សុទ្ធតែត្រូវទទួលការបន្ធូរបន្ថយទោស និងលើកលែងទោសនោះទេ គឺគណៈកម្មការថ្នាក់ជាតិ ដែលដឹកនាំដោយ លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា យកចិត្តទុកដាក់បំផុត ដោយត្រូវពិនិត្យបន្ថែមទៀតទាក់ទងទៅនឹង ការកែប្រែរបស់ទណ្ឌិត នៅក្នុងពន្ធនាគារ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ជាពិសេសសាលក្រម ឬសាលដីកាស្ថាពរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានការបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ទណ្ឌិតចំនួន៣លើក ក្នុង១ឆ្នាំៗ ក្នុងនោះមាន៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៕