(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតទយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិផ្តល់ចំណតទោចក្រយាន និងអង្គការអន្តរជាតិ KJO បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង ទាក់ទងការផ្គត់ផ្គង់កង់ ដែលប្រើប្រាស់រួច និងគ្រឿងបន្លាស់របស់កង់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសង្គមកិច្ច។
ការចុះហត្ថលេខានៃកិច្ចព្រមព្រៀង បានធ្វើឡើង រវាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតទយុទ្ធជន និងយុវនីតិសម្បទា និង លោក KEIICHI OZAWA ប្រធានមូលនិធិផ្តល់ចំណតទោចក្រយាន និង លោក ម៉ាសហ្ស៊ី សាណូ ប្រធានអង្គការអន្តរជាតិ KJO។
យោងតាមលិខិតផ្លូវការអនុស្សារណៈនៃកិច្ចព្រមព្រៀងបានបញ្ជាក់ថា ទាក់ទងការផ្គត់ផ្គង់កង់ ដែលប្រើប្រាស់រួច និងគ្រឿងបន្លាស់របស់កង់ ត្រូវបានបង្កើតឡើង និងបានផ្លាស់ប្តូរទៅតាមកិច្ចព្រមព្រៀងសេវា គឺមូលនិធិរផ្គត់ផ្គង់ចំណតកង់ (សំដៅដល់ការផ្តល់សេវា) និងអ្នកទទួលសេវា ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងអង្គការអន្តរជាតិ KJO (សំដៅដល់លើអ្នកទទួលសេវា) ពាក់ព័ន្ធនឹងការផ្គត់ផ្គង់កង់ប្រើប្រាស់រួចដែលបានប្រមូលបាន និងគ្រឿងបន្លាស់របស់វាដែលត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ តាមបទបញ្ញត្តិ ដែលមាននៅក្នុងកិច្ចព្រមព្រៀង។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតទយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា នេះគឺសញ្ញាវិជ្ជមានមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងការសហការគ្នាកាន់តែល្អ ពីមួយជំហាន ទៅមួយជំហាន។
រដ្ឋមន្ត្រី វង សូត បានថ្លែងអំណរគុណដល់អង្គការដៃគូទាំងពីរ ដែលតែងតែគាំទ្រ និងជួយដល់កម្ពុជាកន្លងមក ជាពិសេស សកម្មភាពផ្តល់ជំនួយជាកង់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានោះ លោក KEIICHI OZAWA ប្រធានមូលនិធិផ្តល់ចំណតទោចក្រយាន បានថ្លែងស្វាគមន៍ជានិច្ច ក្នុងការជួយដល់កម្ពុជា មិនថាតែជំនួយជាកង់ និងជំនួយជាសំភារៈ និងថវិកានានា ក្នុងការជួយដល់ប្រជាជនកម្ពុជា។
លោក ម៉ាសហ្ស៊ី សាណូ ប្រធានអង្គការអន្តរជាតិ KJO ក៏បានសម្តែងការពេញចិត្តដែលបានសហការជាមួយក្រសួងសង្គមកិច្ច ក្នុងការផ្តល់ជំនួយ ជាកង់កន្លងមក គិតមកដល់ពេលនេះ មានជំនួយជាកង់មិនតិចនោះទេ ពីអង្គការ ជូនទៅដល់សិស្សានុសិស្សក្រីក្រ នៅតាមសហគមន៍។
លោក ម៉ាសហ្ស៊ី សាណូ បានបន្ថែមថាទាំងម្ចាស់ជំនួយ និងរដ្ឋាភិបាលជប៉ុន បានគាំទ្រ និងបេ្តជ្ញាជួយដល់កម្ពុជាជានិច្ច ជាពិសេសកុមារក្រីក្រ ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើដំណើរទៅសិក្សា ក្រេបយកចំណេះដឹង ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសរបស់ពួកគាត់ឲ្យកាន់តែរីកចម្រើនទៅមុនបន្ថែមទៀត៕