(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានថ្លែងសារតាមរយៈវីដេអូឃ្លីបមួយដើម្បីអបអរសាទរ ថ្ងៃបើកបវេនកាលសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩។
ក្នុងវីដេអូចំនួន១៤នាទី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិ ស្របពេលដែលឆ្នាំ២០១៨ ជាខួបលើកទី២០ នៃការបង្រួបបង្រួមជាតិ ការរក្សាបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។
ជាមួយគ្នានេះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែរ៕
វីដេអូសារអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន៖