(ភ្នំពេញ)៖ ការដ្ឋានសំណង់សង់ផ្ទះយ៉ាងរឹងមាំមួយកន្លែង ដែលមានស្លាកយីហោ «រស់ រដ្ឋាយ៉ា» ស្ថិតនៅក្នុងភូមិធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បាននិងកំពុងសាងសង់រំលោភទាំងស្រុង ទៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ទើរពាក់កណ្ដាលទៅហើយនោះ ត្រូវបានលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ន ដោយសារសំណង់នេះ ត្រូវបានមន្រ្តីជំនាញអះអាងថា បានសង់រំលោភលើចំណីផ្លូវពិតមែន។
លោក ខុន វាសនា ប្រធានការិយាល័យអន្តរវិស័យខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ករណីនេះត្រូវបានលោក សុខ សម្បត្តិ អភិបាលខណ្ឌ និងលោក ជា ខេមា អភិបាលរងខណ្ឌ បញ្ជាឲ្យលោក និងមន្ត្រីជំនាញពាក់ព័ន្ធនានា ចុះទៅធ្វើកំណត់ហេតុ ផ្អាកការសាងសង់បណ្ដោះអាសន្នសិនហើយ ព្រោះធ្វើឲ្យប៉ះពាល់ដល់ប្លង់គោល ដែលមាននៅក្នុងទិន្នន័យរបស់សាលារាជធានីភ្នំពេញ ក្នុងគម្រោងបើកផ្លូវដល់ទៅ១២ម៉ែត្រឯណោះ។
ទោះបីយ៉ាងណា ក្រោយពីអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះផ្អាកការសាងសង់ខាងលើនេះ លោកស្រី រស់ រដ្ឋាយ៉ា ជាម្ចាស់សំណង់ បានចេញមកបកស្រាយថា លោកស្រីមិនបានសាងសង់រំលោភ យកដីចំណីផ្លូវសាធារណៈរបស់រដ្ឋនោះទេ ផ្ទុយទៅវិញ លោកស្រីមានលិខិតអនុញ្ញាតឲ្យសាងសង់ត្រឹមត្រូវ ពីអាជ្ញាធរសង្កាត់ និងកំពុងត្រៀមយកលិខិតអនុញាតនោះ ទៅបន្តសុំច្បាប់ឲ្យដល់សាលាខណ្ឌ ថែមទៀតផង ដើម្បីឲ្យស្របច្បាប់។
លោកស្រីបន្តថា លោកស្រីមិនត្រឹមតែមិនបានសាងសង់សំណង់រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋនោះទេ ជាការពិតណាស់នៅត្រង់ចំណុចនេះ គឺគ្មានផ្លូវឡើយ គឺមានតែជាភ្លឺស្រែដ៏តូចមួយ ប៉ុណ្ណោះ តាំងពី៣០ទៅ៤០ឆ្នាំមុនមកម្ល៉េះ និងជាភ្លឺស្រែទាល់ច្រកចំស្រះទឹក និងមានសុទ្ធតែដីស្រែរាប់សឹបហិចតា គ្មានច្រកចេញនោះទេ តែក្រោយមកក៏មានប្រជាជនមករស់នៅបណ្ដើរៗ នៅផ្នែកខាងក្រោយផ្ទះរបស់លោកស្រី ទើបអាជ្ញាធរភូមិ-សង្កាត់ សម្រេចស្នើសុំឲ្យលោកស្រី ដែលមានទីតាំងដីផ្ទះជាប់ភ្លឺស្រែនោះ ឲ្យជួយសម្បទានបើកច្រកភ្លឺស្រែដ៏តូចមួយនេះ ឲ្យបានទូលាយពី៦ទៅ៧ម៉ែត្រ ដើម្បីសម្រួលដល់អ្នករស់នៅផ្នែកខាងក្រោយបានចេញចូលលំនៅដ្ឋានងាយស្រួល ដោយមិនបានដឹងថា បច្ចុប្បន្នធ្វើឲ្យប៉ះពាល់ដល់ប្លង់គោល របស់សាលារាជធានីភ្នំពេញឡើយ ពោលគឺលោកស្រីបានធ្វើសម្បទានដីលំនៅដ្ឋានរបស់លោកស្រីឲ្យអាជ្ញាធរច្រើនលើកមកហើយ។
លោកស្រី រស់ រដ្ឋាយ៉ា អះអាងថា លើកនេះគ្មានទៀតទេការសម្បទានឲ្យអាជ្ញាធរបើកផ្លូវនោះ ព្រោះដីលំនៅដ្ឋានរបស់លោកស្រី កាន់តែរួមតូចទៅៗហើយ។
សូមបញ្ជាក់ថា ការដ្ឋានសំណង់សង់ផ្ទះយ៉ាងរឹងមាំមួយកន្លែង មានស្លាកយីហោជាម្ចាស់ឈ្មោះ «រស់ រដ្ឋាយ៉ា» ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថា បាននិងកំពុងសាងសង់រំលោភទាំងស្រុង ទៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ទើរពាក់កណ្ដាលទៅហើយ ពោលគឺផ្លូវប្រវែងជាង១០ម៉ែត្រ នៅសល់ត្រឹម៥ទៅ៦ម៉ែត្រប៉ុណ្ណោះ តែពុំឃើញវត្តមាន អាជ្ញាធរភូមិ-សង្កាត់ ឬខណ្ឌ ចុះមកហាមឃាត់ទប់ស្កាត់នោះទេ ដោយសង្ស័យអាងខ្សែធំ ឬក៏មានការបើកភ្លើងខៀវពីមន្រ្តីណាម្នាក់។
ការជជែកតៗគ្នារបស់ប្រជាពលរដ្ឋរស់នៅក្នុងធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ បានបង្ហាញទស្សនៈថា «បើការសាងសង់ផ្ទះរំលោភលើចំណីដីផ្លូវសាធារណៈរបស់រដ្ឋ ស្ទើរពាក់កណ្ដាលផ្លូវ ទាំងបំពានច្បាប់បែបនេះទៅហើយ តែបែរជាគ្មានអាជ្ញាធរដែនដីចុះមកហាមឃាត់ ឫទប់ស្កាត់ទៅវិញ សង្ស័យមានការបើកភ្លើងខៀវ ពីអ្នកមានអំណាចអាងខ្សែធំហើយមើលទៅ ទើបធ្វើបែបនេះបានយ៉ាងងាយស្រួល បើអញ្ជឹងពួកគាត់ក៍អាចធ្វើបានដូចគ្នាទៅថ្ងៃក្រោយ»៕