(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការឡើងកាន់អំណាចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកើតឡើងតាមការគោរពសិទ្ធិមនុស្ស នៃរបៀបលទ្ធិប្រជាធិបតេយ្យ។
លោកបណ្ឌិត បានថ្លែងបែបនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំនៅកម្ពុជា ប្រារព្ធសន្និសីទអន្តរជាតិ ស្ដីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធិផល និងមាគ៌ាឆ្ពោះទៅមុខ» នៅសណ្ឋាគារសុខាភ្នំពេញ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាធិបតេយ្យមាននិយមន័យច្បាស់ណាស់ គឺប្រជាជនជាម្ចាស់ ឯអំណាចរបស់ប្រជាជន អំណាចនៃការឡើងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមែនដោយសាររដ្ឋប្រហារទេ គឺកើតមកពីការបោះឆ្នោត របស់ប្រជាជនកម្ពុជាជាង៨៣ភាគរយ។ នេះហើយ គឺជានិយមន័យប្រជាធិបតេយ្យ ដែលមានដើមកំណើតនៅប្រទេសក្រិច តាមប្រវត្តិសាស្ត្រមុនគ្រឹស្តរាជ»។
ថ្លែងចំពោះមុខឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាពិសេស វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ អញ្ជើញមកពីប្រទេសនៃសហភាពអឺរ៉ុប និងមកពីបណ្តាប្រទេសមួយចំនួនទៀត ដែលជាសមាជិកអាស៊ាន លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃ ជាច្រើនទស្សវត្សរ៍ត្រូវបានបញ្ចប់ជាស្ថាពរ ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ និងខ្មៅងងឹតនៅកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង។
បើតាមលោកបណ្ឌិត កម្ពុជាបច្ចុប្បន្ន កំពុងមានសន្តិភាព មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា សមិទ្ធផលជាច្រើនត្រូវបានកើតចេញជារូបរាង។
ជាក់ស្តែងកំណើនផលិតផលក្នុងស្រុក បានកើតឡើងជាលំដាប់ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ។ កំណើននៃការនាំចេញផលិតផលសម្រេចពីកម្ពុជា កំណើនផលិតកម្មកសិកម្ម និងកំណើនភ្ញៀវទេសចរ បានកើនឡើងយ៉ាងខ្លាំង ដែលជាសញ្ញាណនៃសេចក្តីសុខដុមរមនា និងសភាពការណ៍សន្តិសុខ ស្ថិរភាព សុវត្ថិភាពល្អនៅកម្ពុជា។ ទីក្រុងនិងជនបទ របស់ប្រទេសកម្ពុជា កំពុងប្រែប្រួលមុខមាត់ថ្មី ដែលរំលេចឲ្យឃើញពីសក្តានុពល នៃការឈានឡើងទៅមុខ។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់បន្តថា «ស្របនឹងសមិទ្ធផលដ៏ត្រចេះត្រចង់ និងច្រើនសន្ធឹកសន្ធាប់នេះ កម្ពុជាដែលជាសមាជិកអាស៊ាន មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្តជុំវិញពិភពលោក និងធ្វើសមាហរណកម្មខ្លួន ចូលទៅក្នុងតំបន់ និងពិភពលោក ដើម្បីរក្សាសន្តិភាព បង្កើនភាពទាក់ទាញវិនិយោគ បើកចំហរទីផ្សារសេដ្ឋកិច្ចសម្រាប់កម្ពុជា ឲ្យកាន់តែទូលំទូលាយ ការទាក់ទាញភ្ញៀវទេសចរ ការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សផងដែរ»៕